ប្រទេសកម្ពុជា បានចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាលើកដំបូងហើយ នៅព្រឹកមិញនេះ 

បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ ស៊ីណូហ្វាម (Sinopharm) ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងជំហានដំបូង កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១រួចមក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ បានដំណើរការហើយ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ ១. នៅមន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ , ២. នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ , ៣. នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និង ៤. នៅមន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន ។

ដោយឡែកសម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យកេតុមាលា ។

វ៉ាក់សាំងសីណូហ្វាម (Sinopharm) ដែលមានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូងនេះ គឺត្រូវបែងចែកក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា ។

នៅក្នុងឱកាសនៃការចាក់វ៉ាក់សាំងជាលើកដំបូងនេះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា ។

តាមបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម បានបញ្ជាក់ថា ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ , សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។

បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់សម្ដេច នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ៖ ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។

មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។

ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។

បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់ ។

បើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បន្ទាប់ពីចាក់ថ្នាំរួច គឺមិនទាន់អនុញ្ញាតឲ្យអ្នកដែលបានចាក់ថ្នាំរួចចេញទៅឆ្ងាយនោះទេ ដោយត្រូវនៅរង់ចាំក្នុងរយៈពេល៣០នាទីសិន ដើម្បីតាមដានស្ថានភាពប្រតិកម្មរបស់ថ្នាំ ហើយមុនទទួលបានការចាក់ថ្នាំនេះ គឺត្រូវមានការចុះឈ្មោះ និង សាកសួរព័ត៌មានបន្ថែមទៀត អំពីស្ថានភាពសុខភាពចំពោះអ្នកដែលត្រូវទទួលបានការចាក់ថ្នាំនេះ ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ១៩ ចំនួន៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងជំហានដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងផ្ដល់ជូនប្រជាពលរដ្ឋចំនួន៨០ភាគរយ នៃប្រជាពលរដ្ឋសរុប ដែលស្មើនឹងចំនួន១៣លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ២៦លានដូស តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ គឺខាងកូវ៉ាក់ថា គួរផ្ដល់ត្រឹម ៦០ភាគរយ ទៅ៧០ភាគរយ ឬសម្រាប់តែ១០លាននាក់បានហើយ ប៉ុន្តែចំពោះសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនៅតែចង់ផ្ដល់ជូនប្រជាពលរដ្ឋឲ្យបានចំនួន៨០ភាគរយ នៃប្រជាពលរដ្ឋសរុប ហើយវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) នេះ មានប្រសិទ្ធភាពលើអាយុ១៨ ដល់ ៥៩ឆ្នាំ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី១ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលត្រូវទទួលនាពេលបន្ទាប់ ហើយទោះបីជាកម្ពុជាទប់ស្កាត់បានទ្រង់ទ្រាយធំក៏ដោយ វ៉ាក់សាំងជាតម្រូវការដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការយកឈ្នះជំងឺកូវីដ១៩ ហេតុនេះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូសដល់កម្ពុជានាពេលនេះ ដូច្នេះសូមរំលឹកដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សូមជូនពរដល់បងប្អូនប្រជាជនចិនជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា ។

ក្នុងពីធីប្រគល់ទទួលនោះ ឯកអគ្គរដ្ឋទូតចិន បានថ្លែងថា ចាប់ពីផ្ទុះកូវីដ១៩ រដ្ឋាភិបាលកម្ពុជា-ចិន បានជួយគ្នាទៅវិញទៅមក ដែលប្រៀបដូចជាពាក្យស្លោកថា «ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ដែលក្រុមវេជ្ជបណ្ឌិតចិន បានមកបណ្តុះបណ្តាលអំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា ហើយប្រទេសចិននឹងបន្តជួយកម្ពុជា ក្នុងការប្រឆាំងនឹងកូវីដ១៩ និងផ្តល់ជំនួយដល់កម្ពុជា តាមលទ្ធភាព រហូតដល់ឈ្នះជំងឺកូវីដ១៩ ៕