មិនធម្មតាមែន! នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក​ពីរ​គ្រឿង ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

ប្រទេស ៖ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក​ចំនួន​ពីរ​គ្រឿង និង​នាវាចម្បាំង​ច្រើន​ទៀត បានធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​សមុទ្រ​ចិន​ភាគ​ត្បូង នៅ​ថ្ងៃទី​៩ កុម្ភៈ​។ សមយុទ្ធ​នេះ​ធ្វើឡើង ក្រោយ​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ វត្តមាន​ជា​ញឹកញយ​នៃ​យោធា​អាមេរិក ត្រូវបាន​ចិន​អះអាងថា​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។​

កង​នាវា​ផ្ទុក​យន្តហោះ Theodore Roosevelt និង Nimitz បានរួម​គ្នា​ធ្វើ​សមយុទ្ធ​ក្នុង​ចិន​ភាគខាងត្បូង ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ការសម្របសម្រួល​រវាង​បញ្ជាការដ្ឋាន និង​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​សព្វាវុធ​។ នេះ​ជាការ​លើកឡើងរ​បស់ទ័ព​ជើង​ទឹក​អាមេរិក​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​។ សមយុទ្ធ​រួមគ្នា​នៃ​កង​នាវា​ផ្ទុក​យន្តហោះ​នេះ ជា​លើក​ទី​១ រាប់​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២០​មក​។​
​តប​ទៅនឹង​សមយុទ្ធ​នេះ លោក​Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លើកឡើងថា​វត្តមាន​ជាច្រើន​ដង​នៃ​នាវាចម្បាំង និង​នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាការ​បង្ហាញ​កម្លាំង និង​មិន​អំណោយផល​ឡើងដល់​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​។​«​ចិន នឹង​បន្ត​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​សន្តិសុខ ដោយ​ធ្វើការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Wang ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៩ ខែកុម្ភៈ​។​
​សមយុទ្ធ​នេះ​ធ្វើឡើង​៥​ថ្ងៃ ក្រោយ​នាវាចម្បាំង​អាមេរិក USS John S. McCain បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ និង​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​កាន់កាប់​ដោយ​ចិន​។ ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី​៩ ខែកុម្ភៈ ឧ​ត្ត​មនា​វី Jim Kirk មេបញ្ជាការ​កង​នាវាចម្បាំង Nimitz លើកឡើងថា អាមេរិក​ប្តេជ្ញា​ការពារ​ការប្រើប្រាស់​សមុទ្រ​ដោយ​ស្របច្បាប់​ដោយ​រដ្ឋ​ទាំងអស់ ស្របតាម​ច្បាប់​អន្តរជាតិ​។
​ជា​ទម្លាប់ ចិន​តែងតែ​ប្រតិកម្ម​នឹង​អាមេរិក ចំពោះ​ការបើក​នាវាចម្បាំង​ជិត​ដែន​កោះ​ដែល​ខ្លួន​គ្រប់គ្រង​។ ចិន​អះអាងថា​ខ្លួន​មាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង​កោះ​ទាំងអស់នោះ ហើយ​ចោទ​អាមេរិក​ថា​ព្យាយាម​បង្ករ​ភាព​តានតឹង​។ អាមេរិក​វិញ អះអាង​មិន​ដាច់​ពី​មាត់​ថា ចិន​ព្យាយាម​កែប្រែ​កោះ​ទាំងនោះ​ជាទី​តាំង​យោធា ដើម្បី​គំរាម​ប្រទេស​ដែល​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ភាគខាងត្បូង​ដែរ​។
​ខណៈ​នាវា​អាមេរិក​ធ្វើ​សមយុទ្ធ នាវាមុជទឹក​បារាំង​វិញ​ក៏បាន​បើក​កាត់​សមុទ្រ​ចិន​ភាគខាងត្បូង​ដែរ​។ នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ SNA Emeraude អមដោយ​នាវាចម្បាំង BSAM Seine បានបញ្ចប់​ការ​ល្បាត​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​។  លោកស្រី Florence Parly រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុង​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។​
​លោកស្រី Parly និយាយថា ការបើក​កាត់​នេះ បង្ហាញ​ពី​សមត្ថភាព​នៃ​កងទ័ពជើងទឹក​បារាំង​ក្នុង​ការចេញ​ប្រតិបត្តិការ​នៅ​ទី​ឆ្ងាយ និង​អាច​ធ្វើការ​រួមគ្នា​ជាមួយ​អូស្ត្រាលី ជប៉ុន និង​អាមេរិក​ដែលជា​សម្ពន្ធមិត្ត និង​ដៃគូ​យុទ្ធសាស្ត្រ​។ លោកស្រី​បន្តថា បេសកកម្ម​នេះ​បញ្ជាក់​ពី​ច្បាប់​អន្តរជាតិ ដែលមាន​អានុភាព​នៅ​គ្រប់កន្លែង​ដែល​នាវា​អាច​បើកបរ​បាន​។ ជា​ប្រទេស​នៅ​អឺរ៉ុប​ក៏ពិតមែន តែ​បារាំង​មាន​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ធំ​បំផុត​លើ​លោ​កនៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​នៅ​មិន​ឆ្ងាយ​ពី​សមុទ្រ​ចិន​ភាគខាងត្បូង​៕
From: https://thmeythmey.com
By: Reatrey