មេដឹកនាំ​តៃវ៉ាន់ Tsai Ing-wen ជូនពរ​ចិន​ក្នុងឱកាស​ឆ្នាំ​ថ្មី និង​សង្ឃឹម​ភាគី​ទាំងពីរ អាចបង្កើត​សន្តិភាព​និង​ស្ថិរភាព​រួមគ្នា

តៃវ៉ាន់ ៖ ក្នុងឱកាស​ចូលឆ្នាំ​ចិន​ខិតចូល​មកដល់ មេដឹកនាំ​តៃវ៉ាន់ Tsai Ing-wen បាន​ជូនពរ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​សង្ឃឹមថា ភាគី​ទាំងសងខាង អាច​កសាង​សន្តិភាព និង​ស្ថិរភាព​រួមគ្នា​បាន​។ យ៉ាងណាមិញ តៃវ៉ាន់​នៅតែ​បង្ហាញ​ជំហរ​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ បើ​ទោះ​បន្ត​រង​សម្ពាធ​ពី​ចិន​។

ជាថ្មី​ម្តងទៀត លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ ហាក់​បង្ហាញ​ជំហរ​ចង់​បន្ធូរបន្ថយ​ភាព​តានតឹង និង​កសាង​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់​។ ស្ថានភាព​រវាង​តៃវ៉ាន់ និង​ចិន​មិនល្អ​ឡើយ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​
«​យើង​សូម​ជូនពរ​ប្រជាជន​នៅ​ម្ខាង​ទៀត​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ រីករាយ​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​»​។ លោកស្រី​Tsai បាន​ថ្លែង​សារ​ជូនពរ​ចិន​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​។ លោកស្រី Tsai សង្ឃឹមថា ភាគី​ទាំងសងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ អាច​កសាង​សន្តិភាព និង​ស្ថិរភាព​រួមគ្នា​។ បុណ្យចូលឆ្នាំ​ចិន គឺ​ពិធី​ប្រពៃណី និង​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់​មួយ​សម្រាប់​ចិន និង​តៃវ៉ាន់​។​
​សម្រាប់​លោកស្រី Tsai សន្តិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ មិន​ត្រឹម​ជា​បញ្ហា​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បញ្ហា​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ​។ ក្នុងន័យនេះ លោកស្រី​រៀបរាប់​ពីបទ​ពិសោធន៍​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បានបង្ហាញ​ពី​សកម្មភាព​យោធា និង​ការវាយប្រហារ​របស់​ចិន មកលើ​តៃវ៉ាន់ គឺ​មិន​ជួយ​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​ទាំងពីរ​ឡើយ​។ ទាក់ទិន​នឹង​បញ្ហា​នេះ តៃវ៉ាន់​ចង់​មាន​កិច្ចចរចា​ជាមួយ​ចិន​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​បន្ថែម​ពីលើ​នេះ ប្រធានាធិបតី​តៃវ៉ាន់ បាន​សង្កត់ធ្ងន់​ផងដែរ​ថា តៃវ៉ាន់​នឹងមិន​បន្ទន់ខ្លួន​ទៅតាម​សម្ពាធ​របស់​ចិន​ឡើយ ហើយ​រឹតតែ​មិន​ក្អេងក្អាង​ពេក​ដែរ នៅពេល​ដែនដី​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ដទៃ​។ បើតាម​លោកស្រី Tsai រដ្ឋាភិបាល​របស់ខ្លួន បាន​ជជែក​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ជាស្រេច​ហើយ ជុំវិញ​បញ្ហា​នៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់ បើសិន​បើ​មានរឿង​កើតឡើង​។
​មកទល់ពេលនេះ ភាគី​ក្រុង​ប៉េកាំង មិនទាន់បាន​ឆ្លើយតប​នឹង​តៃវ៉ាន់ ជុំវិញ​ការលើកឡើង​របស់លោក​ស្រី Tsai នៅឡើយ​ទេ​។
​សូមបញ្ជាក់ថា ចាប់តាំងពី​ឡើងកាន់តំណែង​របស់លោក​ស្រី​Tsai នៅក្នុង​ឆ្នាំ​២០១៦ មក តៃវ៉ាន់ បាន​រង​សម្ពាធ​ពី​ចិន​យ៉ាងខ្លាំង ទាំង​លើ​បញ្ហា​ការទូត និង​យោធា​។ នាពេល​ថ្មីៗ​នេះ ចិន បាន​បញ្ជា​ឱ្យ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ផង​នោះ ហោះចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់​។ បញ្ហា​នេះ បានធ្វើឱ្យ​រដ្ឋាភិបាល​តៃវ៉ាន់​ឃ្លាំមើល​យ៉ាង​ដិតដល់​៕
From: https://thmeythmey.com
By: Reatrey