​អង់គ្លេសអាច​នឹងត្រូវ​ពិន័យចំពោះអ្នក​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​នូវទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​ជាប់គុក​១០​ឆ្នាំ

អង់គ្លេស ៖ អ្នកដំណើរ​ទៅ​ចក្រភព​អង់គ្លេស អាច​នឹងត្រូវ​ពិន័យ​រហូតដល់ ១៣៨០០​ដុល្លារ ឬ​ជាប់ពន្ធនាគារ​រហូតដល់​១០​ឆ្នាំ ប្រសិនបើ​បំពាន​ចំណាត់​ការដាក់​ច​ត្តា​ឡី​ស័ក​ថ្មី​។ វិធានការ​នេះ នឹង​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី​១៥ ខែកុម្ភៈ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​។​

ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស និង​ករណី​នាំចូល​ពី​បរទេស ក្រសួងសុខាភិបាល និង​ថែទាំ​សង្គម​អង់គ្លេស បានដាក់​ចេញ​ចំណាត់ការ​ថ្មី​មួយចំនួន​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ រដ្ឋមន្ត្រី​សុខាភិបាល​លោក Matt Hancock បាន​អះអាង​យ៉ាង​ដូច្នេះ​ថា វិធានការ​ថ្មី​នេះ ពិតជា​សំខាន់​ណាស់ ក្នុងការ​ការពារ​ដំណើរការ​ទប់ស្កាត់​កូ​វីដ​-១៩ ។​
​ចាប់ពី​ថ្ងៃទី​១៥ ខែកុម្ភៈ​តទៅ អ្នកដំណើរ​ចូល​អង់គ្លេស​ទាំងអស់ ត្រូវធ្វើ​តេស្ត​ពីរដង ក្នុង​រយៈពេល​ដាក់​ច​ត្តា​ឡី​ស័ក​១០​ថ្ងៃ ហើយ​ត្រូវ​ផ្តល់ព័ត៌មាន​ទាំងអស់​ជុំវិញ​ប្រវត្តិ​ធ្វើដំណើរ​របស់ខ្លួន​។ ចំណែក​ក្រុម​ប្រទេស​ចំនួន​៣៣ ដែល​ស្ថិតនៅក្នុង​បញ្ជី​ក្រហម ឬ​ក្រុម​ប្រទេស​ដែលមាន​ការ​រាតត្បាត​កូ​វីដ​-១៩ ខ្លាំង ត្រូវតម្រូវ​ឱ្យ​ទិញ​កញ្ចប់​ច​ត្តា​ឡី​ស័ក​ដែល​រួមមាន​កន្លែង​ដាក់​ច​ត្តា​ឡី​ស័ក និង​ការធ្វើ​តេស្ត​។ ប្រទេស​ស្ថិតក្នុង​បញ្ជី​ក្រហម​មាន​អេ​មី​រ៉ាត់​អារ៉ាប់​រួម​, ព័រទុយហ្កាល់​, អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​ផ្សេងទៀត​។
​រដ្ឋាភិបាល​អង់គ្លេស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សណ្ឋាគារ​ចំនួន ១៦​កន្លែង ដែលមាន ៤៦០០​បន្ទប់​។ ចំណែក​អ្នកដំណើរ ដែល​មកពី​ប្រទេស​មិន​ស្ថិតក្នុង​បញ្ជី​ក្រហម អាចដាក់​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯងបាន​។
​អ្នកដំណើរ​មកពី​ក្រុម​ប្រទេស​ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម ហើយ​មិនបាន​ដាក់​ច​ត្តា​ឡី​ស័ក​ទៅតាម​សណ្ឋាគារ​ដែល​បានកំណត់ អាច​នឹងរង​ពិន័យ​ពី​៦៩០០​ដុល្លារ ដល់​១៣៨០០​ដុល្លារ​។ ដោយឡែក​អ្នក​ទាំងឡាយណា ប៉ុនប៉ង​បិទបាំង​ប្រវត្តិ​ធ្វើដំណើរ​របស់ខ្លួន​មកពី​ប្រទេស​មាន​ករណី​កូ​វីដ​-១៩​ឆ្លង​ខ្លាំង អាច​រង​ពិន័យ​រហូតដល់ ១៣៨០០​ដុល្លារ ឬ​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់ ១០​ឆ្នាំ​ថែមទៀត​។
​ក្រៅពីនេះ ក្រសួងសុខាភិបាល​អង់​គ្លេ​ស ក៏បាន​ដាក់ពិន័យ​លើ​អ្នកដំណើរ​អន្តរជាតិ ដែល​មិនបាន​ធ្វើតេស្តរ​កកូ​វីដ​-១៩ ផងដែរ​។ ប្រសិនបើ​ជន​ណា មិនបាន​ធ្វើតេស្ត​កូ​វីដ​-១៩ លើកទីមួយ អ្នក​ទាំងនោះ​នឹងត្រូវ​ពិន័យ​ចំនួន ១៣៨០​ដុល្លារ​។ បន្ថែម​ពីលើ​នេះ អ្នក​ខកខាន​ធ្វើតេស្ត​លើក​ទី​ពីរ ត្រូវ​ពិន័យ ២៧០០​ដុល្លារ និង​ពន្យារពេល​ដាក់​ច​ត្តា​ឡី​ស័ក​រហូតដល់ ១៤​ថ្ងៃ​។ ​កន្លងមក ចក្រភព​អង់គ្លេស បាន​ហាមឃាត់​រួចហើយ​លើ​អ្នកដំណើរ​មកពី​ប្រទេស​ទាំង​៣៣ ដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩ ខ្លាំង​។ ប៉ុន្តែ​ប្រជាជន​អង់គ្លេស ប្រជាជន​អៀរ​ឡង់ អ្នកស្នាក់នៅ​ចក្រភព​អង់គ្លេស ដែល​ត្រលប់​មកពី​ប្រទេស​ស្ថិតក្នុង​បញ្ជី​ក្រហម​ទាំងនេះ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ក្នុងប្រទេស​។
គិត​ត្រឹម​ថ្ងៃទី​៩ ខែកុម្ភៈ ចក្រភព​អង់គ្លេស មាន​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប​ចំនួន​ជិត ៤​លាន​ករណី និង​អ្នក​ស្លាប់មាន​ចំនួន​ជាង ១១​ម៉ឺន​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន​ជិត ២​លាន​នាក់​។ មួយរយៈ​ចុងក្រោយ​នេះ អង់គ្លេស បាន​រងគ្រោះ​ខ្លាំង ដោយសារ​ការ​រាលដាល​នៃ​កូ​វីដ​-១៩ ដែល​បំប្លែង​ទម្រង់​ថ្មី នៅក្នុង​ប្រទេស​៕
From: https://thmeythmey.com
By: Reatrey