ប្រទេសហ្វីលីពីន នឹងទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ ពីចិន ចំនួន ៦០០,០០០ដូស នៅក្នុងខែនេះ សម្រាប់ចាក់ជូនកងទ័ព និងបុគ្គលិកពេទ្យ

ម៉ានីឡា ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសហ្វីលីពីន នឹងទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៦០០,០០០ដូស នៅក្នុងខែនេះ ដែលជាការឧបត្ថម្ភ របស់ប្រទេសចិន ហើយផ្នែកខ្លះនៃវ៉ាក់សាំងនេះ នឹងត្រូវប្រើដើម្បីចាក់ជូនកងទ័ព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែកម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បានប្រាប់សន្និសីទសារព័ត៌មានទៀងទាត់មួយនៅថ្ងៃនេះថា នៅថ្ងៃទី ២៣ កុម្ភៈ ការមកដល់នៃវ៉ាក់សាំងរបស់ចិន គឺជារឿងជាក់លាក់មួយ។ ប៉ុន្តែទោះជាយ៉ាងណា វានឹងមិនត្រូវបានចែកចាយ ដោយគ្មានការយល់ព្រម ពីរដ្ឋបាលចំណីអាហារ និងឪសថឡើយ។លោក Roque បានគូសបញ្ជាក់បន្ថែមថា វ៉ាក់សាំងចំនួន ១០០,០០០ដូស ក្នុងចំណោមវ៉ាក់សាំងទាំង ៦០០,០០០ដូស នៃ ក្រុមហ៊ុន Sinovac ដែលនឹងមកដល់ក្នុងខែនេះ នឹងត្រូវផ្តល់ជូនដល់កងទ័ព ចំណែកវ៉ាក់សាំងដែលនៅសល់សម្រាប់បុគ្គលិកពេទ្យ។
គួរបញ្ជាក់ថា នៅថ្ងៃនេះ ហ្វីលីពីនបន្តរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១,៧៣៤ករណី ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៥៤៣,២៨២នាក់ ក្នុងនោះមានអ្នកស្លាប់ ចំនួន ១១,៤៦៩នាក់៕
From: FN
By: Reatrey