វិធីងាយៗ ក្នុងការព្យាបាលជំងឺខាន់លឿងទារក

ជំងឺខាន់លឿង គឺជាការកើតឡើងនូវពណ៌លឿងនៅលើស្បែក ឬភ្នែករបស់ទារក ។ ជាទូទៅខ្លួនប្រាណរបស់ទារកឡើងលឿងបន្តិចបន្តួចនៅថ្ងៃទី ២ ឬទី ៣ ហើយបាត់ទៅវិញនៅ ១សប្តាហ៍ក្រោយកំណើតចំពោះទារកដែលកើតគ្រប់ខែ តែភាពលឿងនេះអាចបន្តនៅយូរលើទារកដែលកើតមិនគ្រប់ខែ និងអាចប៉ះពាល់ដល់ជីវិត ឬពិការភាព។

ខាន់លឿងកើតឡើងដោយសារតែថ្លើមទារកទើបនឹងកើតនៅមានភាពខ្ចី ដែលមិនអាចបំលែង ឬបញ្ចេញសារជាតិម្យ៉ាងហៅថា ប៊ីលីរុយប៊ីន ដែលជាផលិតផលមួយកើតឡើង ក្រោយពីគ្រាប់ឈាមក្រហមបែក ឬស្លាប់។ 

១) ផលប៉ះពាល់នៃជំងឺខាន់លឿង៖

ប្រសិនបើមិនបានតាមដាន និងព្យាបាលទាន់ពេលវេលានោះទេ ទារកអាចស្លាប់ឬពិការភាពផ្នែកខួរក្បាល និងអាចថ្លង់ដោយសារកម្រិត ប៊ីលីរុយប៊ីន ក្នុងឈាមឡើងខ្ពស់ពេក ដែលអាចធ្វើឲ្យប៉ះពាល់ខួរក្បាលទារក។

២) ការព្យាបាល៖

   ក. ចំពោះទារកលឿងតិចៗ៖

ការថែទាំទារកដែលមានខាន់លឿងតិចៗ គឺមានលក្ខណៈងាយស្រួល និងសាមញ្ញធម្មតា ដែលអ្នកម្តាយគ្រប់រូបគួរយល់ដឹង និងអនុវត្តបាន គឺ៖

   – ព្យាយាមបំបៅទឹកដោះដល់ទារកឲ្យបានគ្រប់គ្រាន់។

   – ដាក់ទារកនៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹក (ចន្លោះពីម៉ោង ៦ ដល់ ៩ព្រឹក) ។

   – ត្រូវចេះសង្កេតមើលពណ៌សម្បុរទារក រឬផ្នែកពណ៌សនៃគ្រាប់ភ្នែកទារក (ករណីធ្ងន់ធ្ងរ) ដែលប្តូរទៅជាពណ៌លឿងត្រូវប្រញាប់យកទារកមកមន្ទីរពេទ្យ។

   ខ. ចំពោះទារកលឿងខ្លាំង៖

ក្នុងករណីទារកមានការលឿងខ្លាំង ត្រូវបញ្ជូនទារកមកជួបវេជ្ជបណ្ឌិតជំនាញៈ

   – គ្រូពេទ្យប្រើឧបករណ៍ដែលហៅថា ប៊ីលីហ្វ្លាស (Biliflash) ដែលឧបករណ៍នេះសម្រាប់តាមដានជាតិលឿងនៅស្បែកទារក។

   – ប្រសិនបើកម្រិតជាតិលឿងឡើងខ្ពស់ខ្លាំង គ្រូពេទ្យតម្រូវ ឲ្យទារកសម្រាកនិងព្យាបាលដោយកាំរស្មីពន្លឺពណ៌ខៀវ។ កាំរស្មីពន្លឺនេះនឹងជួយកាត់បន្ថយ និងបញ្ចេញនូវជាតិប៊ីលីរុប៊ីន ពីខ្លួនរបស់ទារក។

ប្រសិនបើទារកមានអាការៈលឿង តិច ឬខ្លាំង ត្រូវយកមកជួបវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការវាយតម្លៃពីកម្រិតភាពលឿងរបស់ទារក និងអាចធ្វើការព្យាបាលទាន់ពេលវេលា ដើម្បីការពារបាននូវគ្រោះថ្នាក់ផ្សេងៗដែលបណ្តាលមកពីជំងឺខាន់លឿង៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត