អង្គការ BirdLife បារម្ភពីការកើនឡើងចំនួនអន្ទាក់នៅដែនជម្រកសត្វព្រៃលំផាត់

កាលពីថ្ងៃទី០៤ ខែកុម្ភ:ឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់បានប្រទះសត្វឈ្លូសចំនួន២ក្បាលបានជាប់អន្ទាក់ព្រានព្រៃស្លាប់។ តាមសភាពសាកសព សត្វនេះបានជាប់ស្លាប់យ៉ាងតិច៧ថ្ងៃមុនពេលឧទ្យានុរក្សបានជួបប្រទះ(សាកសពត្រូវបានដុត)។ នាថ្ងៃទីទី០៥ ខែកុម្ភ:សត្វត្រយងយក្សមួយក្បាលបានជាប់អន្ទាក់និងត្រូវបានឧទ្យានុរក្សជួយសង្រ្គោះទាន់ពេល។ ដោយឡែកនាព្រឹកថ្ងៃទី១១ ខែកុម្ភ:នេះសហគមន៍អូរ៉ៃបានដោះអន្ទាក់បានចំនួន១៧ខ្សែដាក់រាយជុំវិញត្រពាំងចារ្យ ដែលស្ថិតនៅលើទីតាំងដែលមានចំងាយប្រម៉ាណជា១គីឡូម៉ែត្រពីចំការចេករបស់ដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច នៅលើខ្សែអន្ទាក់មានជាប់ស្នាមឈាម ដែលអាចសន្និដ្ឋានថាធ្លាប់មានសត្វជាប់។

អន្ទាក់ជាឃាតករសំលាប់សត្វព្រៃយ៉ាងសាហាវ ការកើនចំនួនអន្ទាក់ដ៍ច្រើន និងកំណើនការបបាញ់ ការបំពុលតាមត្រពាំងគឺជាកត្តាគំរាមកំហែងដល់សត្វព្រៃដែលអង្គការBirdLifeមានការព្រួយបារម្ភយ៉ាងខ្លាំង។ លោកប៊ូ វរសក្សនាយកកម្មវិធីអង្គការBirdLifeប្រចាំកម្ពុជាសំណូមពរក្នុងនាមអង្គការដល់ឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់មេត្តាបង្កើនការល្បាតអនុវត្តច្បាប់នៅតាមទីតាំងត្រពាំងសំខាន់ៗដែលនៅសល់មានទឹកដើម្បីដោះអន្ទាក់ បង្ក្រាប់ជនល្មើសនិងស្វែងរកជនល្មើស។ សូមសំណូមពរដល់អជ្ញាធរមូលដ្ឋានសូមមេត្តាសូមអប់រំផ្សព្វផ្សាយប្រជាសហគមន៍អោយបញ្ឈប់ការបំពុល ការដាក់អន្ទាក់ និងបបាញ់។ ក៏សូមសំណូមពរផងដែរដល់ក្រុមហ៊ុនដីសម្បទានសេដ្ខកិច្ចសូមអប់រំផ្សព្វផ្សាយដល់កម្មកររបស់ខ្លួនកុំអោយចូលរួមសកម្មភាពបំពុល ដាក់អន្ទាក់និងការបបាញ់៕