ចំណេះដឹង និង ប្រការដែលគួរជៀសវាង!! ចំពោះទឹកប៉ុន្មានប្រភេទនេះ ម៉ាក់ៗមិនគួរយកឆុងទឹកដោះគោឲ្យកូននោះទេ!

ចែករំលែកចំណេះដឹងសុខភាពប្រចាំថ្ងៃ ៖ សម្រាប់​ម៉ាក់​ៗ​ដែល​ឲ្យ​កូន​បៅ​ម្សៅ​ទឹកដោះ​គោ ពិតជា​សម្រិតសម្រាំងប្រភេទទឹក​ឆុង​ជាមួយ​ទឹកដោះ​គោ​ឲ្យ​កូនបៅ ព្រោះដើម្បីឲ្យកូនមានសុខភាពល្អ។ លោកឱសថ​ការី គីម កាណែល បាន​ឲ្យដឹង​ថាបើយើង​ពិតជា​គិតគូរ​ដល់​សុខភាព​កូន​តូច​មែន គួរតែ​ចៀសវាង​នូវ​ទឹក​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ព្រោះ​វា​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន។

១- ទឹក​មាន​ជាតិ​រ៉ែ​ខ្ពស់

ការ​ប្រើ​ទឹក​មាន​ជាតិ​រ៉ែ​ឆុង​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ អាច​ផ្លាស់ប្ដូរ​រូបមន្ត​ទឹកដោះគោ និង​បំបែក​តុល្យភាព​ជាតិរ៉ែ​ដែល​មាន​ស្រាប់​ក្នុង​ម្សៅ​ទឹកដោះគោ​ទៀត​ផង ដែល​ជា​ហេតុ​នាំឲ្យ​ទារក​មិន​អាច​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ពី​ម្សៅ​ទឹក​ដោះ​គោ។ ទឹក​ដែល​មាន​ជាតិ​រ៉ែ​កាន់តែ​ខ្ពស់ កូន​នឹង​ជួប​បញ្ហា​ទល់​លាមក រហូត​អាច​មាន​ជំងឺ​រលាក​ពោះវៀន​ធំ​ថែម​ទៀត។

២- ទឹក​ដាំពុះ​ច្រើនដង

សម្រាប់​ទឹក​ដាំ​ច្រើន​ដង​នេះ​វិញ ក៏​មិន​គួរ​យក​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​ដែរ ព្រោះ​វា​មាន ផ្ទុក​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បាន​គ្រប់​ពេល​ប្រសិនជាយើងមិន​ប្រយ័ត្ន។

៣- ទឹក​​ទុកចោល​យូរ មាន​ដី​ ឬ​កម្ទេច​កំ​ទី​ហុយ​ចូល

ទឹក​ប្រភេទ​នេះ បើ​ទោះ​ជា​ដាំ​ពុះ​ក៏​ពិត​មែន តែ​បើ​មិន​មាន​ការ​គ្របឲ្យ​បាន​ជិត នាំឲ្យ​មាន​មេរោគ​ធ្លាក់ ឬ​ប៉ើង​ចូល ដែល​ជា​ហេតុ​នាំឲ្យ​កូន​រាករូស ក្អួត និង​ធ្លាក់​ខ្លួន​ឈឺ​ជាដើម។ ដូចនេះ​ម៉ាក់​ៗ​ត្រូវតែ​ចៀសវាង ទើប​កូន​អាច​មាន​សុខភាព​ល្អ​បាន។

៤- ទឹក​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ​ទឹក

ទឹក​ដែល​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ យើង​ក៏​មិន​គួរ​ប្រើ​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​ដែរ ព្រោះ​ម៉ាស៊ីន​ច្រោះ​នោះ​បើ​ផ្លាស់ប្ដូរ​មិន​ទាន់​ពេលវេលា វា​អាច​ផ្ទុក​មេរោគ​ជាច្រើន​ក្នុង​នោះ។ ដូចនេះ អ្នក​គួរតែ​ប្រើ​ទឹក​ដែល​ដាំ​ពុះ​ធម្មតា​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​បៅ​បាន ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន។

៥- ទឹក​សុទ្ធ​គ្មាន​ប្រភព ឬ​ម៉ាក​ត្រឹមត្រូវ

បច្ចុប្បន្ន​មាន​ការ​លក់​ទឹក​បរិសុទ្ធ​ជាច្រើន​ដែល​គ្មាន​ម៉ាក​សញ្ញា និង​ក្រុមហ៊ុន​ផលិត ហើយ​ក៏​គ្មាន​កា​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង ដោយ​ខ្លះ​លួច​យក​ទឹក​ពី​ក្បាល​រ៉ូប៊ីណេ ច្រក​ដាក់​ដប​យក​មក​លក់ ដោយ​មិន​មាន​ម៉ាស៊ីន​ចម្រោះ និង​សម្លាប់​មេរោគ ដែល​ទឹក​ប្រភេទ​នេះ​នាំឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​កូន៕
From: https://hellokrupet.com
By: Reatrey