ដំណឹង​ល្អ​ ! ជើង​ហោះហើរ​ទៅ​សិង្ហ​បុរី​ចាប់ផ្តើមដំណើរការ​ឡើង​វិញហើយ!

សិង្ហ​បូ​រី ៖ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ ​សម្រាប់​លោក​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បូ​រី រួម​ទាំង​ពលរដ្ឋ​កម្ពុជា បន្ទាប់​ពី​អាកាសចរណ៍​សិង្ហ​បូ​រី​បាន​ប្រកាស​ថា ​នឹង​ចាប់​ផ្តើម​ដំណើរការ​ឡើង​វិញ​នូវ​ជើងហោះហើរ​ទៅ​-​មក​ប្រទេស​សិង្ហ​បូ​រី​ និង​បណ្តា​ប្រទេស​មួយ​ចំនួន ។
យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ចុះ​ផ្សាយ​ថ្ងៃ​ទី ១១ ខែកុម្ភៈ​ម្សិល​មិញ​នេះ​ថា ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បូ​រី (Singapore Airlines/SIA) បាន​ចាប់​ផ្តើម​ហោះហើរ​ឡើង​វិញ​ហើយ កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ២០២១ នេះ បន្ទាប់​ពី​សមា​ជិក​នាវិក និង​អ្នកបម្រើ​ការ​ទាំងអស់​លើ​យន្តហោះ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ ១៩បាន​រួចរាល់​ហើយ​។
ប្រភព​ដដែល​បាន​បន្ត​ថា ក្រុមហ៊ុន​អាកាសចរណ៍ SIA បាន​និយាយ​ថា​ អាកាសយានិក​និង​នាវិក​អាកាសយានិក​នៅ​លើ​ជើងហោះហើរ​អន្តរជាតិ​ចំនួន៣ បាន​ទទួល​នូវ​វ៉ាក់​សាំង Pfizer-BioNTech បាន​ចំនួន​ពីរ​ដូ​ស​ត្រឹមត្រូវ​តា​មើ​លក្ខខណ្ឌ​តម្រូវ​រួចរាល់ ។ ការ​សម្រេច​បើក​ដំណើរការ​ជើងហោះហើរ​ឡើង​វិញ​នា​ពេល​នេះ បង្ហាញ​នូវ​កិច្ច​ប្រឹងប្រែង​មួយ​របស់​សិង្ហ​បូ​រី ដើម្បី​ជម្រុញ​អោយ​សេវាកម្ម​បម្រើ​យន្តហោះ​នៅ​ក្នុង​តំបន់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ​ឲ្យ​វិល​ត្រឡប់​មក​ស្ថានភាព​ធម្មតា​វិញ ។
រដ្ឋាភិបាល​ប្រទេស​សិង្ហ​បូ​រី បាន​ជំរុញ​ឱ្យ​បុគ្គលិក​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ចុះបញ្ជី​កម្មវិធី​លើកទឹកចិត្ត​របស់​ខ្លួន​ក្នុង​គោលបំណង​ធ្វើ​ឱ្យ SIA ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​នៅ​លើ​ពិភពលោក​ដែល​មាន​បុគ្គលិក​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ ១៩ ។
ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បូ​រី​បាន​និយាយ​ថា ក្នុង​ការ​ចាប់ផ្តើម​ការ​ហោះ​ឡើង​វិញ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ម្សិលមិញ​នេះ SIA បាន​បើក​ជើងហោះហើរ​ពី​សិង្ហ​បូ​រី ទៅ​បាងកក (​ប្រទេស​ថៃ​) សិង្ហ​បូ​រី ទៅ​ហ្សា​ការ​តា (​ឥណ្ឌូ​នេ​ស៊ី​) និងពី សិង្ហ​បូ​រី មក​ភ្នំពេញ​។
ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ បាន​និយាយ​ថា​ជាង៩០ ភាគរយ​នៃ​នាវិក​និង​អាកាស​យានិក​របស់​ខ្លួន​បាន​ចុះ​ឈ្មោះ ​ដើម្បី​ទទួល​ថ្នាំ​បង្ការ​នេះ​។ ប្រហែលជា៨៥% នៃ​អ្នក​ដែល​បាន​ទទួល គឺ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​លើក​ទី​១ រួចរាល់ និង​ភាគច្រើន​បាន​ចាប់ផ្តើម​ចាក់​លើក​ទី២ ។ SIA រំពឹង​ថា​អ្នក​ទាំងអស់​ដែល​បាន​ចុះ​ឈ្មោះ​នឹង​ទទួល​ការ​ចាក់​លើក​ទី ២ នៅ​ចុងខែ​មីនា ៕
From: https://kohsantepheapdaily.com.kh
By: Reatrey