តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​ជ្រើសរើស​អគ្គ​រដ្ឋអាជ្ញា​ថ្មី ខណៈ​សំណុំរឿង​ក្ដៅៗ​កំពុងតែ​រង់ចាំ

បរទេស ៖ដ្ឋ​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​បោះឆ្នោត​ជ្រើសរើស​អគ្គ​រដ្ឋអាជ្ញា​ថ្មី នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​។ អគ្គ​រដ្ឋអាជ្ញា​នៃ​តុលាការ​នេះ មាន​បន្ទុក​ស៊ើបអង្កេត និង​ចោទប្រកាន់​បុគ្គល​ជាប់​សង្ស័យ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​ឈ្លានពាន​។ ក្នុងតួនាទី​នេះ លោកស្រី Fatou Bensouda ដែល​ត្រូវ​ចប់​អាណត្តិ ទទួលបាន​ទាំង​ការកោតសរសើរ និង​ការរិះគន់​។​
បេក្ខជន​៤​រូប មកពី​អង់គ្លេស អៀរ​ឡង់ អ៊ីតាលី និង​អេ​ស្ប៉ា​ញ ដែលជា​មេធាវី ចៅក្រម និង​អ្នកជំនាញ​ច្បាប់ នឹងត្រូវ​រដ្ឋ​សមាជិក ICC ជ្រើសតាំង​ឱ្យ​ជំនួស​តំណែង​លោកស្រី Fatou Bensouda ដែល​នឹង​ចប់​អាណត្តិ​រយៈពេល​៩​ឆ្នាំ​។ លោក Karim Khan បេក្ខជន​អង់គ្លេស ត្រូវបាន​មើលឃើញថា នាំមុខ​លោក Carlos Castresana មកពី​អេ​ស្ប៉ា​ញ លោក Fergal Gaynor របស់​អៀរ​ឡង់ និង​លោក Francesco Lo Voi មកពី​អ៊ីតាលី​។​
លោក Khan ដែលជា​អ្នកជំនាញ​សិទ្ធិមនុស្ស និង​ជា​មេធាវី ធ្លាប់​ការពារ​ក្តី​នៅ ICC ជាច្រើន​ដង​។ ក្នុងនោះ​ក៏មាន​ផងដែរ​សំណុំរឿង​របស់លោក Seif al-Islam កូនប្រុស​អតីត​មេដឹកនាំ​លី​ប៊ី​។ នាពេល​ថ្មីៗ​នេះ លោក​កាន់តំណែង​ជា​អ្នកស៊ើប​អង្កេត​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម និង​អំពាវនាវ​ឱ្យមាន​ការកាត់ទោស​បុគ្គ​ល​ទាំងនោះ ដូច​អ្វីដែល​ធ្លាប់ធ្វើ​ក្រោយ​សង្គ្រាមលោកលើកទី​២​ទៅលើ​មេដឹកនាំ​អាល្លឺម៉ង់ និង​ជប៉ុន​។​
​ចំណែក​លោក Gaynor  ធ្លាប់​ការពារ​ក្តី​ជនរងគ្រោះ​នៅ ICC ដែរ​ចំពោះ​ការស៊ើបអង្កេត​សង្គ្រាម​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន និង​សំណុំរឿង​ប្រឆាំង​មេដឹកនាំ​កេ​ន​យ៉ា​។ ចៅក្រម​អេ​ស្ប៉ា​ញ លោក Castresana ធ្លាប់​កាន់តំណែង​ប្រធាន​ក្រុម​ស្រាវជ្រាវ UN ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ​នៅ​ក្វា​តេ​ម៉ា​ឡា​។ ចំណែក​លោក Lo Voi រដ្ឋអាជ្ញា​អ៊ីតាលី មាន​បទពិសោធ​កាត់ទោស​មេដឹកនាំ​ម៉ា​ហ្វៀ​អ៊ីតាលី  និង​បណ្តាញ​ជួញដូរ​មនុស្ស​ខុសច្បាប់​។​
​រដ្ឋ​សមាជិក ICC ពុំ​អាច​ស្វែ​ករក​មតិរួម​លើ​បេក្ខជន​សមស្រប​ឡើយ ទោះបីជា​មានការ​ព្យាយាម​ជាច្រើន​ដង​ក្តី​។ រដ្ឋ​សមាជិក​ទាំង​១២៣ នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​អគ្គ​រដ្ឋអាជ្ញា​នៅ UN នាទី​ក្រុង​ញូវយ៉ក​។ អគ្គ​រដ្ឋអាជ្ញា​ទី​៣ នៃ​តុលាការ​នេះ នឹងត្រូវ​ទទួលបន្ទុក​លើ​កិច្ចការ​ជាច្រើន​បន្ថែមទៀត ហើយ​ត្រូវការពារ​ភាពស្របច្បាប់​របស់​តុលាការ​ដែល​តែង​ស្ថិតក្រោម​ការវាយប្រហារ​។ តុលា​ការដែល​ចាប់ដំណើរការ​នៅ​ឆ្នាំ​២០០២ មាន​អគ្គ​រដ្ឋអាជ្ញា​ដំបូង​សញ្ញា​តិ​អា​ហ្ស​ង់​ទីន គឺ​លោ Luis Moreno-Ocampo ។​
​លោកស្រី Bensouda សញ្ជាតិ​ហ្កំ​ប៊ី នឹង​ត្រូវអស់​អាណត្តិ​នៅ​ខែមិថុនា បន្ទាប់ពី​បម្រើការ​អស់​រយៈពេល​៩​ឆ្នាំ​។ អ្នកសង្កេតការណ៍​មួយចំនួន អះអាងថា លោកស្រី​សម្រេច​ការងារ​មួយចំនួន​ដោយ​ជោគជ័យ និង​ខ្លះទៀត​បរាជ័យ​។ ក្នុង​អាណត្តិ​លោកស្រី មេដឹកនាំ​កូត​ឌី​វ័រ Laurent Gbagbo ត្រូវ​រួចខ្លួន​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ចំណែក​អតីត​អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ត្រូវបាន​រួច​ទោស​ក្នុង​សាលាឧទ្ធរណ៍​។ លោកស្រី ក៏​ទម្លាក់ចោល​បទ​ចោទ​ប្រឆាំង​លោក Uhuru​ថ Kenyatta ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​បណ្តាលមកពី​ជម្លោះ​បោះឆ្នោត​នៅ​កេ​ន​យ៉ា​។​
​ប៉ុន្តែ​លោកស្រី​ទទួល​បានការ​សាទរ បន្ទាប់ពី​តុលាការ​សម្រេច​ចោទប្រកាន់​លោក​មេដឹកនាំ​សង្គ្រាម​នៅ​អ៊ូ​ហ្ក​ង់​ដា និង​កុង​ហ្គោ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ស្តីពី​ទាហាន​ជា​កុមារ​។ លោកស្រី Bensouda ក៏​ទទួល​បានការ​ស​សើរ​ផងដែរ​ចំពោះ​ការធ្វើឱ្យ​ប្រសើរឡើង​ការងារ​នៃ​ការិយាល័យ​រដ្ឋអាជ្ញា​។

​លោកស្រី Bensouda ក៏ត្រូវ​អាមេរិក​ដាក់ទណ្ឌកម្ម​ពាក់​ព័ន្ធ​ការស៊ើបអង្កេត​ឧក្រិដ្ឋ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ថ្មីៗ​នេះ លោកស្រី​ក៏​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បើក​ការស៊ើបអង្កេត​ជម្លោះ​ប្រដាប់អាវុធ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស៊ីក្នុង​ឆ្នាំ​២០១៤ ដែលជា​អាច​ឧក្រិដ្ឋកម្ម​ផងដែរ​។ អគ្គ​រដ្ឋអាជ្ញា​ថ្មី នឹងត្រូវ​ពិចារណា​ដំណាក់កាល​បន្ទាប់​ក្នុងការ​ស៊ើបអង្កេត​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ជម្លោះ​ប្រដាប់អាវុធ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​៕
From: https://thmeythmey.com
By: Reatrey