ប្រធានាធិបតី​អាមេរិកលោក បៃ​ឌិន ឱ្យ​ផ្អាក​គម្រោង​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​របស់លោក ត្រាំ

វ៉ាស៊ីនតោន ៖ ​ប្រធានាធិបតី​អាមេរិក​ចូ បៃ​ឌិន បាន​បញ្ជូន​លិខិត​មួយ​ទៅ​សភា​តំណាង ជូនដំណឹង​ពី​ការលុបចោល​បញ្ជា​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក ដែល​ដាក់ចេញ​ដោយ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ នៅ​ឆ្នាំ​២០១៩ លោក ត្រាំ បានប្រកាស​អាសន្ន​ជាតិ​ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក និង​បង្វែរ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ពី​ថវិកាបម្រុង​នៃ​ក្រសួងការពារជាតិ​ទៅ​សាងសង​ជញ្ជាំង​តាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​។​

​ក្នុង​លិខិត​ទៅ​ប្រធានសភា​តំណាង​នៅ​ថ្ងៃទី​១១ កុម្ភៈ លោក ចូ បៃ​ឌិន​និយាយថា ការប្រកាសអាសន្ន​រប​ស់លោក ដូ​ណា​ល់ ត្រាំ ជា​រឿង​មិនចាំបាច់ ហើយ​ប្រាក់​បង់ពន្ធ​ដោយ​ពលរដ្ឋ​អាមេរិក​នឹងមិន​ត្រូវ​ប្រើប្រាស់​ដើម្បី​សាងសង់​ជញ្ជាំង​ឡើយ​។ លោក​សន្យាថា នឹង​ពិនិត្យឡើងវិញ​នូវ​ប្រាក់​ដែល​បាន​ចំណាយ ឬ​បង្វែរ​ដើម្បី​សាងសង់​ជញ្ជាំង​ទាំងនោះ​។ តាំងពី​នៅ​ជា​បេក្ខជន​ប្រធានាធិបតី និង​បន្ទាប់​មកជា​ប្រធានាធិបតី លោក ត្រាំ លើកឡើងថា ម៉ិ​ក​ស៊ិ​ក​ជា​អ្នក​ចេញថ្លៃ​សាងសង់​របង​។​
«​ខ្ញុំ​បាន​កំណត់ថា សេចក្តីប្រកាស​អាសន្ន​នៅ​ព្រំដែន​ភាគខាងត្បូង​(​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​) មិន​ត្រឹមត្រូវ​»​។ នេះ​ជា​សំណេរ​ក្នុង​លិខិត​របស់លោក បៃ​ឌិន ដោយ​បន្ថែមថា ការប្រកាសអាសន្ន​នៅ​ព្រំដែន​ភាគខាងត្បូង​ត្រូវបាន​បញ្ចប់ ហើយ​អំណាច​ដែល​ផ្តល់​ក្នុង​សេចក្តីប្រកាស​នោះ នឹងមិន​ត្រូវ​ប្រើប្រាស់​ទៀតឡើយ​។​
​សេចក្តីប្រកាស​អាសន្នរ​ប​ស់លោក ត្រាំ ក្នុង​២០១៩ តម្រូវឱ្យ​ក្រសួង​រតនាគារ​បង្វែរ​ទឹកប្រាក់​៦០០​លាន​ដុល្លារ និង​ទឹកប្រាក់​៦,១​ពាន់​លាន​ដុល្លារ​ពី​ក្រសួងការពារជាតិ​ទៅ​ក្រសួង​សន្តិសុខ​មាតុភូមិ ដើម្បី​ចេញថ្លៃ​សាងសង់​ជញ្ជាំង​។ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ លោក ត្រាំ បាន​បន្ត​សេចក្តីប្រកាស​នេះ ដោយ​បង្វែរ​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​ទៀត​ដែល​បាន​ពី​ការបង់ពន្ធ ទៅកាន់​គម្រោង​សាងសង់​ជញ្ជាំង​។
​ក្នុង​រយៈពេល​៤​ឆ្នាំ​នៃ​ការ​កាន់អំណាច លោក ត្រាំ សាងសង់​ជញ្ជាំង​បាន​ប្រវែង​១២៨,៧ គីឡូម៉ែត្រ និង​បាន​ជួសជុល​ជញ្ជាំង​ចាស់​ប្រវែង​៦៤៣,៧ គីឡូម៉ែត្រ​។ មុន​លោក ត្រាំ កាន់តំណែង អាមេរិក​បាន​សាងសង់​ជញ្ជាំង​ប្រវែង​១,០០០​គីឡូម៉ែត្រ​រួចទៅហើយ​។​

​លោក បៃ​ឌិន បានបង្ហាញ​ពី​ចេតនា​ក្នុង​ការលុបចោល​គោលនយោបាយ​អន្តោប្រវេសន៍​របស់លោក​ត្រាំ នៅ​ថ្ងៃ​កាន់តំណែង​ប្រធានាធិបតី​ដំបូង​។ នា​ដើមខែ​កុម្ភៈ លោក បៃ​ឌិន បានចេញ​ផែនការ​បង្កើត​ក្រុមការងារ​ដើម្បី​ជួយ​កុមារ​ឱ្យបាន​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​វិញ​។ នៅ​ឆ្នាំ​២០១៧ លោក ត្រាំ ដាក់ចេញ​គោលនយោបាយ​គ្មាន​ការអត់អោន ដោយ​បំបែក​កុមារ​ពី​គ្រួសារ​ពេលមកដល់​ទឹកដី​អាមេរិក​។ លោក បៃ​ឌិន ក៏​ចេញ​បញ្ជា​ប្រតិបត្តិ​កំណត់​ទទួល​ជនភៀសខ្លួន​ជាង​១២​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​ផងដែរ​។ ចំនួន​នេះ ច្រើនជាង​ចំនួន​ជនភៀសខ្លួន​ដែល​លោក ត្រាំ អនុញ្ញាត​ទទួល​ដល់​ទៅ​៨​ដង​។​

យ៉ាងណាក្តី រដ្ឋបាល​លោក​បៃ​ឌិន នៅតែ​បន្ត​បញ្ជូន​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​កំណើត​វិញ ដោយសារ​ជំងឺឆ្លង​កូ​វីដ​-១៩ ។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១០ កុម្ភៈ​លោកស្រី Jen Psaki និយាយថា រដ្ឋបាល​អាមេរិក​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ត្រួតពិនិត្យ​ឯកសារ​របស់​ជន​ទាំង​នោះឡើយ​។ លោកស្រី​បន្ថែមថា អាជ្ញាធរ​ព្រំដែន​មាន​សិទ្ធិ​ក្នុងការ​បណ្តេញ​ជន​ទាំងនោះ រហូតដល់​ពេល​មួយ​ដែល​អាមេរិក​មានលទ្ធភាព​ក្នុងការ​បង្កើត​ប្រព័ន្ធ​ពិនិត្យ​លើ​បុគ្គល​ម្នាក់ៗ​យ៉ាង​លម្អិត និង​ប្រកបដោយ​មនុស្សធម៌​៕
From: https://thmeythmey.com
By: Reatrey