លោក ចូ បៃដិន ប្រាប់ប្រធានាធិបតីចិន អំពីគោលជំហររបស់អាមេរិក ការពារដែនកោះតៃវ៉ាន់


ក្រោយពេលកងទ័ពចិនបើកយន្ដហោះចម្បាំងរំលោភចូលលើដែនអាកាសរបស់កោះតៃវ៉ាន់ជាញឹកញាប់នោះមក ធ្វើឲ្យប្រធានាធិបតីអាមរិកបានសម្ដែងការព្រួយបារម្ភ អំពីសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលចេះតែកើតមានកាន់តែខ្លាំងឡើង ចំពោះដែនកោះមួយនេះ។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្ដែងអំពីការព្រួយបារម្ភអំពីសកម្មភាពរបស់ចិន ដែលកំពុងតែគំរាមកំហែងដល់កោះតៃវ៉ាន់ និងសន្ដិសុខ នៅក្នុងតំបន់។ ការលើកឡើងរបស់លោកប្រធានាធិបតី ចូ បៃឌិន បានកើតឡើង ខណៈហៅទូរស័ព្ទជាលើកដំបូងទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីរាត្រី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់តាំងពីលោកឡើងកាន់តំណែង។

បើតាមសេតវិមាន បានឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីចិននោះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងពីជំហររបស់លោក ជាអាទិភាព គឺការការពារសន្ដិសុខ ភាពថ្លៃថ្នូរ សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋអាមេរិក ហើយការថែរក្សាសេរីភាពជាចំហ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ ជាមួយគ្នានេះដែរ លោក បៃ ដិន ក៏បានលើកឡើង អំពីក្តីកង្វល់យ៉ាងខ្លាំង ចំពោះមហិច្ឆតារបស់ចិន លើបញ្ហាសេដ្ឋកិច្ច ការបង្ក្រាបនៅក្នុងទីក្រុងហុងកុង ការរំលោភសិទ្ធិមនុស្ស នៅក្នុងខេត្តស៊ីជាំង និងការបង្កើនសកម្មភាពតានតឹងរបស់ចិន នៅក្នុងតំបន់ ដោយសំដៅទៅលើកោះតៃវ៉ាន់៕