១០កុម្ភៈ! ពលករ ១០៤នាក់ បានឆ្លងដែនពីប្រទេសថៃចូល កម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់

តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ៖ តាមបទបញ្ជារបស់ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២១នេះ លោក ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់បណ្តាកងឯកភាពចំណុះទាំងអស់ ឲ្យបន្តអនុវត្តការរឹតបន្តឹងការការពារ អនាម័យ ការរក្សាគម្លាត ដោយវាស់កម្ដៅ មុនពេលចូលបម្រើការងារក្នុងអង្គភាព និងសម្អាតដៃជាមួយអាល់កុលជាប្រចាំ។ ក្រៅពីនេះ លោក មេបញ្ជាការ បានណែនាំឲ្យបន្តយកចិត្តទុកដាក់ក្នុងការងារកសាង ពិសេសពង្រឹងប្រព័ន្ធការពារជាតិនិងបង្ករបង្កើនផលជាប្រចាំ ដើម្បីអភិវឌ្ឍអង្គភាពឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

ដោយឡែកនៅថ្ងៃនេះដែរ ក្រៅពីភារកិច្ចស្នូលរបស់អង្គភាព លោក មេបញ្ជាការ បានបន្តចាត់តាំងកម្លាំងប្រមាណ៥០នាក់ សហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាប្រចាំច្រកទាំង៣ (អូរស្មាច់ ថ្មដូន និងជប់គគី) កងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនប្រជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ និងត្រៀមស្ទាក់ទប់ស្កាត់មិនឲ្យប្រជាពលករឆ្លងដែនខុសច្បាប់នៅតាមច្រករបៀងផ្សេងៗតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ក្នុងនោះដែរ កម្លាំងមួយផ្នែកទៀតបានធ្វើការសហការជាមួយ កម្លាំងសមត្ថកិច្ចទាំង៣ប្រភេទក្នុងខេត្ត ប្រចាំការ ការពារពលករខ្មែរនៅតាមទីតាំងមណ្ឌលចត្តាឡីស័កទាំង៨ក្នុងខេត្តឧត្តរមានជ័យ មិនឲ្យចេញក្រៅមណ្ឌលក្នុងពេល អនុវត្តចត្តាឡីស័កតាមការណែនាំកំណត់របស់ក្រសួងសុខាភិបាល។

គួរជម្រាបជូនផងដែរថា គិតត្រឹមម៉ោង១៩:០០នាទីថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋសរុបចំនួន១០៤នាក់ ក្នុងនោះស្រីចំនួន៣៨នាក់ ដែលបានឆ្លងដែនពីប្រទេសថៃមកដល់ទឹកដីកម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់ ហើយកងកម្លាំងទាំង៣ប្រភេទក្នុងខេត្ត សហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានសម្របសម្រួល ដោយដឹកជញ្ជូនពួកគាត់មកកាន់ទីតាំងធ្វើចត្តាឡីស័កទាំង៧ ដែលបានកំណត់ទុកក្នុងខេត្តឧត្តរមានជ័យ៕