NASA បញ្ចេញរូបភាពថតបានពីទីអវកាស ដែលបង្ហាញសកម្មភាពរុករករ៉ែមាស នៅតំបន់ព្រៃអាម៉ាហ្សូននៃប្រទេសប៉េរូ

បរទេស ៖ រូបភាពកម្រមួយចំនួន ដែលទើបបញ្ចេញដោយទីភ្នាក់ងារអវកាសអាមេរិក NASA បានលាងត្រដាងឲ្យឃើញពីសកម្មភាពរុករករ៉ែមាសយ៉ាងសកម្ម ដែលការរុករកភាគច្រើនត្រូវគេជឿថាធ្វើឡើងដោយខុសច្បាប់ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូននៃប្រទេសប៉េរូ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងរូបភាពទាំងនោះ គេសង្កេតឃើញរណ្តៅធំៗជាច្រើនដែលមើលទៅហាក់ដូចជា ទន្លេមាសហូរកាត់តំបន់ព្រៃអាម៉ាហ្សូនយ៉ាងដូច្នោះ ដោយសារតែចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យ។ គេជឿថារណ្តៅទាំងនេះភាគច្រើនត្រូវបានជីក ដោយក្រុមអ្នករុករករ៉ែ ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ក្នុងគោលបំណងស្វែងរកធនធានរ៉ែមាស។
គួរបញ្ជាក់ថា : រូបភាពខាងលើត្រូវថតបានដោយអវកាសយានិកម្នាក់ ពីលើស្ថានីយអវកាសអន្តរជាតិ ISS កាលពីខែធ្នូ ឆ្នាំ២០២០ ខណៈ NASA ទើបតែបញ្ចេញជាសាធារណៈនាពេលនេះ។ សកម្មភាពជីករុករករ៉ែមាសយ៉ាងផុសផុល នៅតំបន់ព្រៃអាម៉ាហ្សូននៃភាគអាគ្នេយ៍ប៉េរូ ដែលជាប្រទេសឈានមុខខាងនាំចេញមាសបែបនេះ ក៏កំពុងបង្កឲ្យមានការព្រួយបារម្ភ ជុំវិញផលប៉ះពាល់ចំពោះបរិស្ថាន និងជីវចម្រុះនៃតំបន់ព្រៃអាម៉ាហ្សូនផងដែរ៕
From: FN
By: Reatrey