ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយ:ពេល២ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវជាង ៣ម៉ឺន៤ពាន់នាក់

រយ:ពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ថ្ងៃទី១១-១២ ខែកុម្ភ: ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣៤,០០០នាក់ ធ្លាក់ចុះក្នុងអត្រាខ្ពស់។ ការធ្លាក់ចុះ គឺបណ្តាលមកពីវិបត្តិជាសាកល នៃជំងឺកូវីដ-១៩។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ដែលបានថ្លែងប្រាប់ Fresh News កាលពីព្រលប់ថ្ងៃទី១២ ខែកុម្ភ:នេះ។

លោកប្រធាន ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់រយៈពេលពីរថ្ងៃនៃថ្ងៃចូលឆ្នាំចិនពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរបានចេញដើរកម្សាន្តក្នុងខេត្តនេះ មានចំនួនប្រមាណជាង ៣.៤ ម៉ឺននាក់។

លោកបានលម្អិតឱ្យដឹងថា ភ្ញៀវទេសចរបរទេសមានចំនួន ៤៨៤នាក់ ថយចុះ ៩៤.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានមានចំនួន ៨,៤៤៣ នាក់។

រីឯភ្ញៀវទេសចរខ្មែរមានប្រមាណ ៣.៤ ម៉ឺននាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២៤,០០០នាក់ និងប្រមាណ ១ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។

លោក ង៉ូវ សេងកាក់ បានបន្តទៀតថា កាលពីថ្ងៃទី១១ ខែកុម្ភៈ មានចំនួនប្រមាណ ៥ ពាន់នាក់ ប៉ុណ្ណោះ ថយចុះ ៩៣.៦៣% ហើយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ មានចំនួនប្រមាណ ២៩,០០០នាក់៕

ប្រភព÷ Fresh News