តួ​ក​គី​និយាយ​ថា​ ខ្លួន​នឹង​មិន​ងាក​ចេញពី​ការ​ទិញ​ប្រព័ន្ធ​ការពារ​គ្រាប់​ម៉ី​ស៊ី​ល​ S-400s​ របស់​រុ​ស្ស៊ី​នោះ​ទេ

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រទេស​តួ​ក​គី​បាន​និយាយ​ថា​ ខ្លួន​នឹង​មិន​ងាក​ចេញពី​ការ​ទិញ​ប្រព័ន្ធ​ការពារ​គ្រាប់​ម៉ី​ស៊ី​ល​ S-400​ របស់​រុ​ស្ស៊ី​ឡើយ​ ទោះបី​មានការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ក៏​ដោយ​ ប៉ុន្តែ​បាន​បន្ថែម​ថា​ ខ្លួន​នឹង​ស្វែងរក​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​របស់​ខ្លួន​តាម​រយៈ​កិច្ចចរចារ​ ។​

​កាលពី​ខែធ្នូ​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ទីក្រុង​អង់កា​រ៉ា​ ចំពោះ​ការ​ទិញ​ប្រព័ន្ធ​ការពារ​គ្រាប់​ម៉ី​ស៊ី​ល​ S-400​ ដោយ​ផ្អែក​លើ​មូលហេតុ​ថា​ប្រព័ន្ធ​ការពារ​នោះ​គំរាមកំហែង​ដល់​យន្តហោះ​ចម្បាំង​ F-35​ របស់​ខ្លួន​ ហើយ​មិន​ស្រប​ទៅ​នឹង​ប្រព័ន្ធ​ការពារ​របស់​ណា​តូ​ឡើយ​។​ តួ​ក​គី​បដិសេធ​រឿង​នេះ​ដោយ​និយាយ​ថា​ ប្រព័ន្ធ​ការពារ​នេះ​នឹង​ឈរ​ដោយ​ដាច់​ដោយឡែក​ពី​ការ​ការពារ​របស់​ណា​តូ​ ។​

​ចាប់តាំងពី​លោក​ Joe​ Biden​ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ទីក្រុង​អង់កា​រ៉ា​បាន​និយាយ​ថា​ ខ្លួន​ចង់​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាង​មុន​ ហើយ​បាន​ស្នើ​បង្កើត​ក្រុមការងារ​រួម​គ្នា​ S-400​ ជា​ថ្មី​ម្តងទៀត​។​ ប៉ុន្តែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ដោយ​និយាយ​ថា​ ទណ្ឌកម្ម​នឹង​នៅ​តែ​មាន​រហូត​ដល់​តួ​ក​គី​លែង​មាន​មី​ស៊ី​ល​ទាំងនោះ​ទៀត​ ។​

​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ កាលពី​ថ្ងៃ​អង្គា​រ៍​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តួ​ក​គី​បាន​និយាយ​ថា​ ទីក្រុង​អង់កា​រ៉ា​នឹង​ស្នើ​ឱ្យ​មានការ​ធ្វើ​សកម្មភាព​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​នៃ​គ្រាប់​ម៉ី​ស៊ី​ល​ S-400​ នៅ​ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ ៕

ប្រភព ព័ត៌មាន