ប្រទេសចិន បានប្រកាសបិទមិនឱ្យ BBC World News ចាក់ផ្សាយទៀតទេ ក្រោយផ្សាយព័ត៌មានទាក់ទងជនភាគតិចវីហ្គ័រ

ចិន ៖ អាជ្ញាធរចិន នៅថ្ងៃទី១១ ខែកុម្ភៈ បានប្រកាសហាមឃាត់សារព័ត៌មាន BBC World News មិនឱ្យផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេស ក្រោមហេតុផលថា សារព័ត៌មានមួយនេះ មិនគោរពគោលការណ៍ផ្សព្វផ្សាយ។ ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន BBC បានចុះផ្សាយពីបញ្ហាជនជាតិភាគតិចវីហ្គ័រ និងនិយ័តករអង់គ្លេស ដកអាជ្ញាប័ណ្ណទូរទស្សន៍ CGTN ចាក់ផ្សាយនៅអង់គ្លេស។
ប្រព័ន្ធផ្សព្វផ្សាយក្លាយជាមុខសញ្ញានៃការចាត់វិធានការទៅមករវាងចិន និងអង់គ្លេស។ នៅថ្ងៃទី២ ខែកុម្ភៈ សារព័ត៌មាន BBC បានចុះផ្សាយពីការបំពានផ្លូវភេទលើស្រ្តីជនជាតិភាគតិចវីហ្គ័រនៅក្នុងមន្ទីរកែប្រែឡើងវិញនៅក្នុងតំបន់ស៊ីងជាំង ប៉ុន្តែរដ្ឋាភិបាលចិន បានច្រានចោលព័ត៌មាននេះ។
ពីរថ្ងៃបន្ទាប់ និយ័តករផ្សព្វផ្សាយអង់គ្លេស Ofcom បានដកអាជ្ញាប័ណ្ណពីទូរទស្សន៍រដ្ឋចិន CGTN បន្ទាប់ពីរកឃើញថា ចាប់បង្ខំឱ្យជនជាតិអង់គ្លេសម្នាក់សារភាពពីកំហុសរបស់ខ្លួន, មិនគោរពគោលការណ៍ឯកជន និងបំពានច្បាប់ចក្រភពអង់គ្លេសជាដើម។ ម្យ៉ាងទូរទស្សន៍ CGTN ក៏ត្រូវរកឃើញថា មានឥទ្ធិពលនយោបាយនៅពីក្រោយការផ្សាយ និងមិនឯករាជ្យទៀតផង។
ទំនងជាវិធានការសងសឹក អគ្គរដ្ឋបាលវិទ្យុ, ទូរទស្សន៍ និងភាពយន្តជាតិចិន នៅថ្ងៃទី១១ ខែកុម្ភៈ បានសម្រេចមិនទទួលយកឯកសាររបស់ BBC World News សម្រាប់បន្តអាជ្ញាប័ណ្ណប្រចាំឆ្នាំ និងបន្តផ្សព្វផ្សាយនៅក្នុងប្រទេស។ បើតាមនិយ័តកររបស់ចិន សារព័ត៌មាន BBC World News បានបំពានបទបញ្ញត្តិផ្សព្វផ្សាយ ដែលរួមបញ្ចូលការផ្សព្វផ្សាយព័ត៌មានមិនពិត និងប៉ះពាល់ផលប្រយោជន៍របស់ចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
កន្លងទៅការចាក់ផ្សាយរបស់សារព័ត៌មានBBC World News នៅក្នុងស្រុកចិន បានត្រូវបានរឹតត្បិតរួចទៅហើយ។ នៅចិន មានតែកន្លែងមួយចំនួនដូចជា សណ្ឋាគារអន្តរជាតិ, កន្លែងស្នាក់នៅរបស់អ្នកការទូតជាដើម ទើបអាចមើលបាន BBC បាន។
ជាការឆ្លើយតប BBC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរចិនបានចាត់វិធានការតាមផ្លូវខាងលើ។ ក្នុងន័យនេះ BBC បានការពារខ្លួនថា សារព័ត៌មានBBC ជាអ្នកផ្សព្វផ្សាយព័ត៌មានអន្តរជាតិដ៏ទុកចិត្តមួយ និងរាយការណ៍ព័ត៌មានផ្សេងៗ នៅជុំវិញពិភពលោក ដោយមិនលំអៀង ឬភ័យខ្លាចអ្វីឡើយ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Dominic Raab បានចាត់ទុកការសម្រេចចិត្តរបស់ចិន គឺជារឿងមិនទទួលយកបាន ព្រោះវាជាសកម្មភាពរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ។ ទន្ទឹមនេះ លោករដ្ឋមន្រ្តីបានចាត់ទុកថា ទង្វើរបស់ចិនចុងក្រោយនេះ នឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ចិននៅលើពិភពលោក។
គួររំលឹកថា រដ្ឋាភិបាលក្រុងឡុងដ៍ និងរដ្ឋាភិបាលក្រុងប៉េកាំង មានបញ្ហាជាមួយគ្នាជាច្រើនជុំវិញបញ្ហាកូវីដ-១៩, ការហាមឃាត់បច្ចេកវិទ្យា5G របស់ក្រុមហ៊ុនHuawei, បញ្ហាហុងកុង, ជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចជាច្រើន នៅក្នុងតំបន់ស៊ីងជាំង និងបញ្ហាផ្សេងៗទៀត៕
From: https://thmeythmey.com
By: Reatrey