យ៉ាងហោចណាស់មានមនុស្ស ០៩នាក់ស្លាប់ និង ៣៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក នៅឯរោងចក្រផលិតកាំជ្រួច

ឥណ្ឌា ៖ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ០៩នាក់បានស្លាប់បាត់បង់ជីវិត និង ៣៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍កផ្ទុះមួយដ៏កក្រើក នៅក្នុងរោងចក្រផលិតកាំជ្រួចមួយកន្លែង នៅរដ្ឋតាមិលណាឌូ (Tamil Nadu) ស្ថិតភាគខាងត្បូងប្រទេសឥណ្ឌា។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១២ ខែកម្ភៈ ឆ្នាំ២០២១។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិ Acchankulam ស្រុក Virudhunagar ចម្ងាយប្រហែល ៤៨៤គីឡូម៉ែត្រភាគនិរតីក្រុង Chennai នៃរដ្ឋតាមិលណាឌូ។
មន្ត្រីម្នាក់នៃការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំស្រុក Verodunagar បាននិយាយថា «ថ្ងៃនេះ មានករណីផ្ទុះយ៉ាងកក្រើក បានកើតឡើងនៅក្នុងរោងចក្រកាំជ្រួចមួយកន្លែង។ មនុស្សប្រាំបួននាក់បានស្លាប់ និង ៣៣នាក់ផ្សេងទៀតរងរបួស ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងស្ថិតនៅនឹងកន្លែងកើតហេតុ ដើម្បីអនុវត្តការងារជួយសង្គ្រោះ។
គួរបញ្ជាក់ថា ភ្លាមៗនេះ មូលហេតុដែលបង្កឲ្យមានករណីផ្ទុះខាងលើ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ អាជ្ញាធរបានបញ្ជាឲ្យមានការស៊ើបអង្កេតជុំវិញហេតុការណ៍ដ៏រន្ធត់នេះ៕

By: Reatrey