មន្ត្រីជំនាញពេទ្យសត្វសម្រេចកំទេចចោលជ្រូក៣០ក្បាលក្រោយរកឃើញមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច

បន្ទាយមានជ័យ ៖ មន្ត្រីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ខេត្តបន្ទាយមានជ័យបានធ្វើការកំទេចចោលនូវសត្វជ្រូករស់ចំនួន៣០ក្បាលក្រោយរកឃើញថាមានផ្ទុកជម្ងឺប៉េស្តជ្រូកអាហ្វ្រិច ។
ការដុតកម្ទេចចោលនូវសំណាកសត្វជ្រូកដែលផ្ទុកជម្ងឺឆ្លងខាងលើធ្វើឡើងនៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យក្រោមការចូលរួមពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលនិងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ ។
លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអោយដឹងថានៅយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅដោយបានការសហការពីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទូីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យនិងកម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយចេក និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានចុះឆ្មក់ស្ទាក់ចាប់រថយន្តពីរគ្រឿងដែលដឹកចរាចរណ៍សត្វជ្រូករស់នាំចូលពីប្រទេសថៃដោយខុសច្បាប់។
ក្នុងនោះបង្ក្រាបរថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥ កៅអី ពាក់ស្លាកលេខភ្នំពេញ2Q-2123 មួយគ្រឿងដឹកសត្វជ្រូករស់ចំនួន២០ក្បាលនាំចូលពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ចំណែកគោយន្ត១គ្រឿងទៀតដឹកសត្វជ្រូករស់ចំនួន១០ក្បាលនាំមកពីប្រទេសថៃដូចគ្នាតាមច្រករបៀងចំការគស្ថិតក្នុងភូមិចម្ការគឃុំ ចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ចំពោះការដឹកជញ្ជូនជ្រូកនាំចូលនេះគឺគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថាក្រោយការបង្ក្រាបនិងឃាត់ទុក មន្ត្រីជំនាញបានយកសំណាកសត្វជ្រូកទាំង៣០ក្បាលទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មនៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វ ជាលទ្ធផលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២១បានរកឃើញថា មានវិជ្ជមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច ។ដោយពិនិត្យឃើញដូច្នេះទើបជំនាញសម្រេចធ្វើការកំទេចចោលដើម្បីបង្ការការឆ្លងរីករាលជម្ងឺនេះទៅមនុស្សនិងសត្វ។
ក្រោយរកឃើញនូវវត្តមានជម្ងឺប៉េស្តជ្រូកអាហ្រិ្វកនេះដែរ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលនិងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក៏បានធ្វើការផ្សព្វផ្សាយជូនដំណឹងដល់សាធរណជន អ្នកចិញ្ចឹមសត្វពិសេសអ្នកចិញ្ចឹមជ្រូកនិងអ្នកពិឃាតសត្វនូវវិធានការបន្ទាន់ដូចខាងក្រោម ១- អគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វនឹងចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីកម្ទេចវត្ថុតាងបទល្មើសជាកើស្តែងទៅតាមវិធានបសុព្យបាល ២-ការិយាល័យផលិតកម្មនិងបសុព្យាបាល រាជធានី ខេត្តត្រូវពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់អោយមានប្រសិទ្ធខ្ពស់ ៣-កសិករ ពាណិជ្ជករ ជាអ្នចិញ្ចឹមជ្រូកត្រូវមានវិធានការជីវសុវត្ថិភាពកន្លែងចោញ្ចឹមសត្វជាប្រចាំដើម្បីជៀសវាងការចម្លងជម្ងឺប៉េស្តជ្រូកអាហ្វ្រិចនិងជម្ងឺផ្សេងទៀត ។
៤- គ្រប់សត្តឃាតដ្ឋានរាជធានី ខេត្តត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចធ្វើជីវសុវត្ថិភាពជាប្រចាំនិងត្រូវទិញជ្រូករស់ពីក្រុមហ៊ុនស្របច្បាប់ដែលចេញដោយក្រសួងកសិកម្មមកធ្វើពិឃាត ។
៥-អាជីវករ ពាណិជ្ជករឬក្រុមហ៊ុននាំចូលសត្វរស់ទាំងអស់ត្រូវគោរពអោយបានខ្ជាប់ខ្ជួនមៀនូវគោលការណ៍ណែនាំនិងវិធានការអនាម័យសត្វរបស់អគ្គនាយកដ្ឋាននូវគោលការណ៍បច្ចេកទេស១២ ចំណុច សម្រាប់អ្នកនាំចូល និងនាំឆ្លងកាត់ ជាពិសេសចំណុចទី១២ ដែលតម្រូវអោយក្រុមហ៊ុនមានទីតាំងធ្វើចត្តាឡីស័កនៅចុងទីនៃប្រទេសនាំចេញដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសត្រួតពិនិត្យមុននាំចូលឬនាំឆ្លងកាត់ទៅប្រទេសផ្សេងទៀត ដែលបច្ចុប្បន្នមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលបានបំពេញលក្ខ័ខ័ណ្ឌនេះ ។លក្ខខ័ណ្ឌទាំងអស់នេះគឺដើម្បីជៀសវាងនូវការនាំជម្ងឺសត្វឆ្លងដែនមកបំផ្លាញសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍អ្នកចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៦-ប្រសិនបើសាធារណជនបានដឹងឬបានឃើញជាក់ស្តែងនូវការនាំចូលសត្វខុសច្បាប់ សូមជូនដំណឹងមកលោកហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វតាមរយៈទូរស័ព្ទ ០១២ ៨២៨ ២០៩ ៕