អេស្កាវទ័រជាន់មីនតោន បណ្តាលឲ្យរងរបួសមនុស្ស ០២នាក់ នៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ÷ នៅវេលាម៉ោង១៩,០០នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២១ មានករណីអេស្កាវទ័រជាន់មីនតោន បណ្តាលអោយរងរបួសមនុស្សចំនួន០២នាក់ និងដាច់ច្រវ៉ាក់កង់អេស្កា ភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

រឿងហេតុនេះកើតឡើងក្នុងនៅពេលឈ្មោះ លេខ ឡី ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់ នៅភូមិ រលំស្វាយ ឃុំជន្លាសដៃ ខេត្តសៀមរាប បានបើកអេស្កាជីកស្រះ អោយឈ្មោះ ស៊ុម តង ភេទប្រុស អាយុ៤២ឆ្នាំ ជាគ្រូបង្រៀន រស់នៅភូមិឃុំកើតហេតុ នៅខាងក្រោយផ្ទះចំងាយ១០០ម៉ែត្រ ស្រាប់តែអេស្កាជាន់មីនតោនបណ្តាលផ្ទុះ ហើយដាច់កង់ច្រវ៉ាក់ ធ្វើអោយឈ្មោះ ស៊ុម តង ដែលកំពុងឈរមើលនៅទីនោះ រងរបួសធ្ងន់ត្រង់កំភួនដៃខាងស្តាំនិងត្រូវអំបែងតូចៗពេញខ្លួន ចំណែកអ្នកបើកអេស្ការងរបួសស្រួល ។

បច្ចប្បន្នជនរងគ្រោះទាំងពីរបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕