ចូលឆ្នាំចិន ៣ថ្ងៃ ឆ្នាំនេះភ្ញៀវទេសចរមកលេង​កម្សាន្តនៅ​តំបន់​រមណីយដ្ឋាននានាក្នុង​ខេត្តរតនគិរី មាន​ការធ្លាក់ចុះ២៩.០៧%

នៅក្នុងរយៈពេល៣ថ្ងៃ(១២-១៣-១៤កុម្ភៈឆ្នាំ២០២១)នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន១២,៦៨៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៦៤នាក់ ភ្ញៀវជាតិ១២,៦២៥នាក់ គឺមានការធ្លាក់ចុះ

២៩.០៧%។ភ្ញៀវជាតិធ្លាក់ចុះ២៨.២៣% ភ្ញៀវអន្តរជាតិធ្លាក់ចុះ៧៨.៦០%បើប្រៀបធៀបនិងបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំ២០២០មានចំនួន១៧,៨៩០នាក់។នេះបើតាមតួរលេខមន្ទីរទេសចរណ៍បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​។

​លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបាន​ឲ្យ​ដឹង​ថាគិត​ត្រឹម​ល្ងាចថ្ងៃទី​១៤ខែកុម្ភៈឆ្នាំ២០២១នេះថាកត្តាធំបំផុតដែលនាំអោយភ្ញៀវទេសចរមានការធ្លាក់ចុះបណ្តាមកពីប្រជាពលរដ្ឋមានការព្រួយបារម្ភពីជំងឺកូវីដ-១៩ ជាពិសេសច្រកទ្វារអន្តរជាតិនានាត្រូវបានបិទការចេញចូលទាំងស្រុងដើម្បីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។

លោកបន្តថាភ្ញៀវបានមក​ទស្សនា​កម្សាន្តតាម​រមណីយដ្ឋាននៅក្នុង​ខេត្តរតនគិរីមាន​ចំនួន១៤កន្លែងសុទ្ធសឹងជារមណីយ

ដ្ឋានធម្មជាតិ។ហើយ​រមណីយដ្ឋានដែល​ពេញនិយមនិង​មាន​ភ្ញៀវទេសចរទៅលេង​កម្សាន្តយ៉ាងច្រើន​នោះគឺ​បឹងយក្ខឡោម ក្នុងក្រុងបានលុង រមណីយដ្ឋានទឹកធ្លាក់អូរសៀងលែ,មណីយដ្ឋានបឹងលំកុដ ក្នុងស្រុកលំផាត់ ក្រៅពីរមណីយដ្ឋានធម្មជាតិទាំងបីកន្លែងនេះ ក៏មានរមណីដ្ឋានដទៃទៀតដែរដែលមានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ។

លោកបន្តថា រយៈពេល៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅលេងកម្សាន្ត លោកសង្កេតឃើញថាភ្ញៀវទេសចរទាំង

អស់បានចូលរួមថែរក្សាអនាម័យបរិស្ថានបានល្អពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ។ ជាពិសេសនោះគឺពួកគាត់មានស្មារតីម្ចាស់ការចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការចូលខ្លួនអោយបាញ់កំដៅការលាងសម្អាតដៃនៅតាមឡាបូសាធារណៈ

ដែលបានរៀបចំជូននៅតាមរមណីយដ្ឋាននានា ការពាក់ម៉ាស និងការរក្សាគម្លាតសង្គមជាដើម។

លោក ង៉ែត ពិទូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី ជាពិសេសម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរខេត្តក្នុងការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យមាននៃការរាតត្បាតជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ៕