ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វេីការបំភ្លឺករណីធ្វេីឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងគេហទំព័រហ្វេសបុកឈ្មោះ​ Stress Life ដែលបានផ្សព្វផ្សាយ មានខ្លឹមសារថា​ ៖​ សូមជួយស៊ែឱ្យប៉ូលីសខេត្តកណ្តាលបានដឹងផងបងប្អូន​ បងធំភូមិជេីងអក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ កាប់គ្នាកណ្តាលថ្ងៃត្រង់។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ ដោយមានការចង្អលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ លោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ បានដាក់បទបញ្ជាដល់កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលំហាច​ ចុះទៅដល់កន្លែងកេីតហេតុ​ ធ្វេីការស៊េីបអង្កេត​ ស្រាវជ្រាវ​ តាមចាប់មុខសញ្ញា​ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ជាលទ្ធផលបានបញ្ជាក់ឱ្យដឹងថា៖ -ករណីធ្វេីឱ្យខូចខាតដោយចេតនា ។ កើតហេតុថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០.១៥នាទីព្រឹក នៅចំណុច មុខផ្ទះជនរងគ្រោះក្នុងភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ រី ចាន់ណាត​ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ​ មុខរបរកសិករ​ រស់នៅភូមិ ជើងអក ឃុំ លំហាចស្រុក អង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ​០២នាក់​ (គេចខ្លួន)

១.ឈ្មោះ​ ខេង ភារី ហៅពៅ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ព្រៃចំការ ឃុំ លំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល។ មុខសញ្ញានេះធ្លាប់ជាប់ពន្ធនាគារ០២លេីក​ លេីកទី១ជាប់នៅខេត្តកណ្តាល​ ពីបទហិង្សាដោយចេតនា​ លេីកទី២ជាប់នៅខេត្តកំពង់ស្ពឺ​ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

២.ឈ្មោះ ធី ភេទ ប្រុស អាយុ ប្រហែល ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សម្ភារខូចខាត ៖ ម៉ូតូ ១គ្រឿងម៉ាក គប់ជ្រុង ៥០ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1B-9488។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះបានអូសម៉ូតូបំរ៉ុងជិះចេញ​ ពេលនោះជនសង្ស័យទាំងពីរនាក់បានបើករថយន្ត មកឈប់មុខផ្ទះជនរងគ្រោះហើយចុះពីលើរថយន្តដើរចូលទៅហៅជនរងគ្រោះមកវាយនៅមុខផ្ទះលើផ្លូវលំ​ ហើយជនរងគ្រោះក៏រត់គេចទៅទិសខាងកើត​ ទុកម៉ូតូចោល​។ រួចជនសង្ស័យទាំងពីរបានស្រែកថាចោរៗស្ទាក់ប្លន់រថយន្តអញ​ បន្ទាប់មកជនសង្ស័យបានបើករថយន្តចេញទៅបាត់។ បន្តិចក្រោយមកប្រហែល១០នាទី ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាដៃកាន់ដាវម្នាក់មួយចុះមកកាប់ម៉ូតូរបស់ជនរងគ្រោះរួចហើយក៏បើកម៉ូតូចេញទៅទិសខាងលិចគេចខ្លួនបាត់ទៅ។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុក​ សហការជាមួយកម្លាំងប៉ុស្តិ៍​ កំពុងចុះដល់កន្លែងកេីតហេតុ​ ធ្វេីការស៊េីបអង្កេត​ ស្រាវជ្រាវ​ តាមចាប់មុខសញ្ញា​ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​មេត្តាជ្រាប​ជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕