កាមេរ៉ាសុវត្ថិភាពចាប់ផ្តើមបំពាក់ នៅតាមចំណុចគោលដៅសំខាន់ៗនៅក្នុងស្រុកបន្ទាយស្រី

អភិបាលស្រុកបន្ទាយស្រី÷ «ចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមចំណុចគោលដៅសំខាន់ៗនៅក្នុងស្រុកបន្ទាយស្រី»៖ ចាប់ពីថ្ងៃនេះតទៅ គណៈបញ្ជាការឯកភាពស្រុកបន្ទាយស្រីនឹងបង្កើនសមត្ថភាពរបស់ខ្លួនបានមួយកម្រិតទៀត ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសច្បាប់នានានៅក្នុងស្រុក ជាពិសេសចំពោះបទល្មើសចរាចរណ៍ ការរត់គេចវេស ចោរលួចឆក់ប្លន់ ក៏ដូចជាការគ្រប់គ្រងការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅផងដែរ។

កាមេរ៉ាសុវត្ថិភាពទាំងនេះមានសមត្ថភាពឃ្លាំមើល២៤ម៉ោងលើ២៤ម៉ោង ដើរដោយថាមពលសូឡាស្វ័យប្រវត្តិ និងភា្ជប់ជាមួយប្រព័ន្ធអុីនធឺណេត ដោយបញ្ជូលរូបភាពដោយផ្ទាល់ទៅកាន់គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានអង្គចងចាំដែលអាចរក្សាទុកទិន្នន័យបានពេញមួយខែដោយមិនចាំបាច់លុបចេញ។

ក្នុងនាមជាស្រុកទេសចរណ៍ ការធានាឱ្យបាននូវសុខសុវត្ថិភាពល្អនៅតាមភូមិឃុំ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជំរុញឱ្យមានការគោរពច្បាប់ត្រឹមត្រូវ នឹងផ្តល់ទំនុកចិត្ត ព្រមទាំងបង្កើនភាពទាក់ទាញបន្ថែមទៀតដល់អ្នកទេសចរដែលអញ្ជើញមកទស្សនានៅក្នុងស្រុក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយគាំទ្រក្នុងគម្រោងបង្កើនសុវត្ថភាពនៅតាមភូមិឃុំរបស់រដ្ឋបាលស្រុកមួយនេះ៕