សមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំសម្រេចយកពលករមកពីថៃ៩នាក់ ដែលមិនបានធ្វើចត្តាឡីស័ក នៅតាមទីតាំងកំណត់នៅតាមច្រកព្រំដែន យកទៅធ្វើចត្តាឡីស័កនៅមណ្ឌល

យោងតាមផេកហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងព័ត៌មានបានអោយដឹងនៅអង្គារនេះថា មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបាន រាយការណ៍ជូន រដ្ឋមន្រ្តី ថាក្រោមការសម្របសម្រួល និងទំនាក់ទំនងគ្នារវាងមន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិកំពង់ត្រឡាច បានសម្រេចយកប្រជាពលករទាំង ៩ រូប ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស។

នៅវេលាម៉ោង ១១:៤០ នាទីយប់ថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២១ រថយន្តការិយាល័យស្រុកប្រតិបត្តិក ១ គ្រឿង និង រថយន្តមណ្ឌលសុខភាពអភិវឌ្ឍន៍ស្រុកទឹកផុសបានមកដល់គោលដៅ ឃុំពាម ស្រុកសាមគ្គីមានជ័យ ដើម្បីដឹកពលករមកពីប្រទេសថៃទាំង ៩ នាក់ ដែលមិនបានធ្វើចត្តាឡីស័ក នៅតាមទីតាំងកំណត់នៅតាមច្រកព្រំដែន យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស។

ចំពោះរដ្ឋបាលឃុំ និង នាយប៉ុស្តិ៍នគរបលរដ្ឋបាលឃុំបានពន្យល់អំពីសារប្រយោជន៍នៃការធ្វើចត្តាឡីស័កហើយការងារនេះ មិនមែនអាជ្ញាធរមូលដ្ឋានធ្វើបាបបងប្អូនទេ គឹដើម្បីការពារសុខសុវត្ថិភាពបងប្អូន ក្រុមគ្រួសារ និងសហគមន៍យើងទាំងអស់គ្នា។

ជាមួយគ្នានោះបងប្អូនពលករទាំង ៩ រូប បានឯកភាព និងយល់ស្របតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានសុខចិត្តទៅធ្វើចត្តាឡីស័ក តាមគោលដៅដែលអាជ្ញាធរកំណត់៕