ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប៉ុនប៉ងធ្វើសកម្មភាពលួច

រាជធានីភ្នំពេញ÷ ស្តីពីករណីអំពើប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) កើតហេតុថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ០១ម៉៣០នាទីរំលងអាធ្រាត្រ នៅចំណុចបណ្តោយផ្លូវ បេតុង ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១-ឈ្មោះ ផាន់ ណាវ័យ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលលេខ៨A ផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរជាងដែក ។

២-ឈ្មោះ នឹម ណាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ចូនក្រុមហ៊ុនផេនដា ។

៣-ឈ្មោះ ណាន់ រ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងចាប់យក : -ម៉ូតូ ០១ គ្រឿងម៉ាក Honda Dream fi ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ ១N ៤៤៥៤ លេខតួ+លេខម៉ាស៊ីន=៨០០២៦២៦ (របស់ជនសង្ស័យឈ្មោះ នឹម ណាន), ដែកចុងស្រួចចំនួន ០១ ដើម, សោរចិញ្ចៀនលេខ១៤ ចំនួន ០១ ដើម និងសោរទីបលេខ៨ ចំនួន ០១ដើម (របស់ជនសង្ស័យឈ្មោះ ផាន់ ណាវ័យ) ។

ហេតុការណ៍៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង០១ម៉៣០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចផ្លូវ បេតុង ភូមិសន្សំកុសល៦ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ប្រទះឃើញជនសង្ស័យចំនួន ០៣ នាក់។ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានធ្វើការឃាត់ត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោរករម៉ូតូមួយចំនួនដូចជា ៖ -ដែកចុងស្រួចចំនួន ០១ ដើម, សោរចិញ្ចៀនលេខ១៤ ចំនួន ០១ ដើម និងសោរទីបលេខ៨ ចំនួន ០១ដើម (ជារបស់ជនសង្ស័យឈ្មោះ ផាន់ ណាវ័យ) បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៣ នាក់ខាងលើ យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ តែម្តង ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ០៣ នាក់ខាងលើ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានដើររកលួចម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាតបឹងទំពន់ទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ផាន់ ណាវ័យ, ឈ្មោះ នឹម ណាន និងឈ្មោះ ណាន់ រ័ត្ន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕