បេីកបរម៉ូតូមិនប្រកាន់ស្តាំបណ្តាលរបួសធ្ងន់ចំនួន ០៤នាក់ នៅស្រុកអង្គរធំ

សៀមរាប៖ នៅយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១លើក នៅលើផ្លូវកា្រលកៅស៊ូ 2SRII ចំណុចក្នុងភូមិ ទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ រវាងរថយន្ត និងម៉ូតូ បេីកបរបញ្រ្ចាសទិសគ្នា ។

លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំ បានអោយដឹងថា : មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តគ្រឿងម៉ាកកាមរី សេរីឆ្នាំ ១៩៩៥ ពាក់ផ្លាកលេខ 2L 1736 ភ្នំពេញ អ្នកបើកបរឈ្មោះ ថន ហេង ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិគោកតាបែក ឃុំគោកដូង ស្រុកអង្គរជុំ មានទិសដៅពីលិចទៅកើតបានទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០១៣ ពាក់ផ្លាកលេខ 1Q 6129 សៀមរាប អ្នកបើកបរឈ្មោះ តែ តឿម ភេទ ប្រុស អាយុ ៦២ ឆ្នាំ រស់នៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ បើកបរមានទិសដៅពីកើតទៅលិច បណ្តាលអោយគ្រោះថ្នាក់អ្នកបេីកបរចំនួន ០១នាក់ និងអ្នករួមដំណើរ ចំនួន ០៣ នាក់ ៖

១.ឈ្មោះ ណយ ចាន់ ភេទ ប្រុស អាយុ ១១ ឆ្នាំ

២.ឈ្មោះ រើយ រ៉ែន ភេទប្រុស អាយុ ១២ ឆ្នាំ

៣.ឈ្មោះ ថង រិទ្ធី ភេទ ប្រុស អាយុ ១៣ ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា ហើយខូចខាតម៉ូតូចំនួន ០១គ្រឿង (ធ្ងន់) ។

លោកអធិការបានបន្តទៀតថា : មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកជិះម៉ូតូបេីកបរមិនប្រកាន់ស្តាំ ។ ក្រោយកើតហេតុ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់តាត្រាវបានចុះដល់កន្លែងកើតហេតុ វាស់វែងកន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយប្រមូលវត្ថុតាងមករក្សាទុកនៅប៉ុស្ដិ៍ជប់តាត្រាវ ដើម្បីបន្តតាមនីតិវិធី ៕