មនុស្ស០២នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងឡាន និងម៉ូតូ

ព្រះវិហារ÷ បុរសពីរនាក់បានរងរបួសស្រាល និងធ្ងន់ ក្នុងហេតុការរថយន្តបាឡែនមួយគ្រឿង បានបើកបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកចេក ក្នុងទិសដៅផ្ទុកគ្នា នាវេលាម៉ោងប្រមាណជា ១រសៀល ថ្ងៃទី២១កុម្ភះឆ្នាំ២០២១នេះ នៅលើដងផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

អ្នកចោមរោមមើលហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញ រថយន្តបាឡែនមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3594 បើកបរក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ រថយន្តនោះបានរេចង្កូតពីគន្លងផ្លូវខាងស្តាំ ចូលមកគន្លងផ្លូវខាងឆ្វេង ហើយបានបុកជាមួយម៉ូតូសណ្តោសរ៉ឺម៉កដឹកចេកមួយគ្រឿង ដែលកំពុងបើកបរច្រាសទិសគ្នា ពីកើតមកលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ និងអ្នកជិះនៅលើរ៉ឺម៉កម៉ូតូនោះម្នាក់ទៀត ខ្ទាតធ្លាក់ពីលើម៉ូតូរងរបួសជាទម្ងន់ រីឯម៉ូតូបានខ្ទាចចេញ ហើយរ៉ឺម៉កបានប៉ើងធ្លាក់ទៅម្ខាងផ្លូវ រងការខូចខាតយ៉ាងដំណំ។

ម្ចាស់ម៉ូតូដឹកចេក បានប្រាប់ឲ្យដឹងថា គាត់ឈ្មោះ ឆ្លាំង ញ៉ក់ អាយុ ៦៥ឆ្នាំ រងបួសជើងឆ្វេង និងដងខ្លួន (របួសស្រាល) និងម្នាក់ទៀត ឈ្មោះ ថា ភារុណ អាយុ ១៤ឆ្នាំ រងបួសបាក់ករជើងឆ្វេង និងរបួសលើរាងកាយ ជនរងគ្រោះទាំងពីរនាក់ ត្រូវជាជីតា និងចៅ រស់នៅភូមិត្រពាំងសង្កែ ឃុំស្រអែម ស្រុកជាំក្សាន្ត។ ដោយឡែក ម្ចាស់រថយន្តបង្កឈ្មោះ ឃុត ណារិន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅស្រុកជាំក្សាន្ត។

អ្នកឃើញហេតុការណ៍ បាននិយាយឲ្យដឹងទៀតថា នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមនោះ ពួកគាត់បានឃើញ ម្ចាស់រថយន្តមិនបានរត់គេចទៅណានោះទេ និងបានចុះមកជួយមើលជនរងគ្រោះទាំងពីរនាក់ និងបានស្វែងរកកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ ដើម្បីនាំយកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស និងសងសំណងនៃការខូចខាត ដោយព្រមទទួលកំហុស ដែលខុសដោយអចេតនានាពេលនោះផងដែរ៕