មាតុភូមិនិវត្តន៍កងយោធាមួកខៀវកម្ពុជាលេខ៤៩៥ពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល

នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ យន្តហោះអង្គការសហប្រជាជាតិដែលដឹកកងកម្លាំងមួកខៀវកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកពីតំបន់បេសកកម្មMINUSCAសាធារណរដ្ឋអាហ្វ្រិកកណ្តាលបានចុះចតដោយសុវត្ថិភាពនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ…។

កងយោធាមួកខៀវកម្ពុជាក្នុងកងឯកភាពវិស្វកម្មសំណង់លេខ៤៩៥បានធ្វើមាតុភូមិនិវត្តន៍ពីតំបន់បេសកកម្ម MINUSCA នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលមកដល់កម្ពុជាវិញដោយសុវត្ថិភាពតាមជើងយន្តហោះរបស់ អ.ស.ប ។ នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់បេសកកម្មរបស់ អង្គការសហ ប្រជាជាតិរយៈពេលមួយឆ្នាំ។

សូមបញ្ជាក់ថាៈដំណើរមាតុភូមិនិវត្តន៍របស់កងយោធាមួកខៀវកម្ពុជាលេខ៤៩៥ដែលមានកម្លាំងសរុបចំនួន២០៤ នាក់ (នារី១០នាក់)គឺជាកងទី៦ សម្រាប់បេសកកម្ម MINUSCA ដែលចាប់ផ្តើមធ្វើឡើងកាលពីឆ្នាំ-២០១៤ បន្ទាប់ពីកងយោធាមួកខៀវវិស្វកម្មសំណង់លេខ៥៧៦ ដែលជាកងប្តូរវេនទី៧បានចេញដំណើរពីកម្ពុជាឆ្ពោះទៅកាន់តំបន់បេសកកម្ម MINUSCAកាលពីរាត្រីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកឧត្តម នាយឧត្តមសេនីយ៍សែម សុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍កងយោធាមួកខៀវខាង លើនេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សូមបញ្ជាក់ថាៈកងយោធាមួកខៀវកម្ពុជាដែលធ្វើមាតុភូមិនិវត្តន៍មកពីសាធារណរដ្ឋអាហ្វ្រិកកណ្តាលខាងលើនេះនឹងត្រូវស្នាក់នៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ (PKO) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺនិង១៤ថ្ងៃនៅតាមគេហដ្ឋានរៀងៗខ្លួនប្រសិនបើការធ្វើចត្តាឡីស័កនៅPKO រយៈពេល១៤ថ្ងៃទទួលលទ្ធ ផលអវិជ្ជមាន៕