ក្រសួងអប់រំប្រកាសឲ្យផ្អាកដំណើរការសាលាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

បន្ទាប់ពីស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈ ធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុង សាលារៀន និងរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថានសិក្សាទាំង អស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ៕