ឃាត់ខ្លួនមេខ្យល់ ៧០នាក់ នាំពលករឆ្លងដែនខុសច្បាប់ និងពលករគេចធ្វើចត្តាឡីស័ក ១៥១នាក់

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៣-២០ ខែកុម្ភៈ ឆ្នំា២០២១ កន្លងទៅ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ថា កម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្យល់ដែលនាំពលករឆ្លងកាត់ព្រំដែនខុសច្បាប់នៅព្រំដែនកម្ពុជា ថៃ-កម្ពុជា វៀតណាម ចំនួន ៧០នាក់ និងបានរកឃើញពលករគេចធ្វើចត្តាឡីស័កចំនួន ១៥១នាក់ ។

មេខ្យល់នាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដែលសមត្ថកិច្ចចាប់ខ្លួនមានដូចជា នៅខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន កំពត ស្វាយរៀង និងខេត្តកោះកុង។ ចំណែកការស្វែងរក និងទប់ស្កាត់ពលករគេចវេសពីចត្តាឡីស័ក គឺគិតចាប់ពីថ្ងៃទី១៣-២០ ខែកុម្ភៈ មានចំនួន ១៥១នាក់ ក្នុងនោះស្រី ៦៧នាក់ និងបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក។ ពលករដែលគេចវេសពីការធ្វើចត្តាឡីស័កមានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកោះកុង និងខេត្តសៀមរាប ។

កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តជាប់ព្រំដែនថៃ និងវៀតណាម បានខិតខំធ្វើការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងស្រាវជ្រាវរកមេខ្យល់ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ ៕