តើធ្លាប់មានបងប្អូនយកទារកទើបនឹងកើត ទៅហាលពន្លឺព្រះអាទិត្យទាំងស្លៀកពាក់ខោអាវបែបនេះរឺអត់ទេ?

ការយកទារកទៅហាលពន្លឺព្រះអាទិត្យ គឺជាទំលាប់មួយដែលប្រជាជនយើងបានដឹង នឹងអនុវត្តសឹងតែគ្រប់គ្នា។ ការហាលពន្លឺថ្ងៃនេះគឺដើម្បីកាត់បន្ថយលឿងលើស្បែកទារក ដែលគ្រប់គ្នាភាគច្រើនដឹង រឺ យ៉ាងហោចណាស់ក៌លឺតៗគ្នាពីចាស់ៗ។

ទារកទើបនឹងកើតភាគច្រើន មានខាន់លឿងដែលមានកំរិតស្រាល ដែលអាចបាត់ទៅវិញដោយខ្លួនឯង រឺ តាមរយ:ការហាលគាត់អោយត្រូវពន្លឺព្រះអាទិត្យ។ ការហាលគឺទាមទារអោយមានការយល់ដឹង នឹងធ្វើអោយបានត្រឹមត្រូវដែរ។ ត្រូវហាលទារកនៅពេលព្រឹកព្រលឹម ដែលថ្ងៃទើបនឹងរះ ដោយដោះសំលៀកបំពាក់ទារកចេញទាំងអស់ ដើម្បី អោយស្បែករបស់គាត់ត្រូវពន្លឺថ្ងៃ អាចទុកស្រោមដៃបានកុំអោយគាត់ខ្វាចមុខគាត់ រកក្រណាត់បាំងភ្នែក រឺ ពាក់មួកអោយជិតភ្នែកនិងស្លៀកខោទឹកនោមដើម្បីបាំងប្រដាប់ភេទរបស់គាត់ (ព្រោះកាំរស្មី UVរបស់ព្រះអាទិត្យអាចបង្កគ្រោះថ្នាក់ដល់ភ្នែក និង ប្រដាប់ភេទទារក)។ ជាងនេះទៅទៀត គឺត្រូវប្រយ័ត្នក្នុងពេលដាក់ហាលទារកដែរ ចៀសវាងកុំអោយត្រូវខ្យល់ត្រជាក់ពេក រឺហាលក្រោមពន្លឺថ្ងៃក្តៅខ្លាំងពេកនោះទេ ព្រោះវាអាចបណ្តាលអោយទារក រលាកស្បែកដោយពន្លឺព្រះអាទិត្យ។

អាចហាលទារករយ:ពេល 20-30នាទី តាមជាក់ស្តែង បើថ្ងៃរះហើយឆាប់ក្តៅកុំហាលយូរពេក ហើយបើថ្ងៃរះយូរមិនសូវក្តៅក៍អាចហាលបានយូរទៅតាមហ្នឹង។

ករណីសំបុរកាន់តែលឿង កាន់តែដិតទៅៗ ហាលថ្ងៃមិនបាត់ លាមកទារកប្តូរពណ៍ទៅជា ពណ៍ស ទឹកដោះគោ ប្រផេះ រឺពណ៍អាចម៍កុក កូនមានសញ្ញាគ្រោះថ្នាក់ដូចជា ស្លេកស្លាំងខ្លាំង ប្រកាច់ បញ្ឈរភ្នែក ត្រូវប្រញាប់យកមកមន្ទីរពេទ្យអោយលឿនបំផុត ដើម្បីធ្វើរោគវិនិច័្ឆយ រកមូលហេតុ និងទទួលយកការព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។

ប្រភព: វេជ្ជបណ្ឌិត ពៅ ច័ន្ទរដ្ឋា ឯកទេសផ្នែករោគកុមារ និង ទារក