ស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​គាំទ្រដល់សាលាគំរូនៅតាមជនបទនៃប្រទេសកម្ពុជា

ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលអូស្រ្តាលី ChildFund Australia ដែលជាអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី កំពុងត្រួសត្រាយវិធីសាស្រ្តច្នៃប្រឌិតថ្មី ក្នុងវិស័យអប់រំនៅកម្ពុជា។ នេះរួមបញ្ចូលទាំងការជួយក្នុងការបង្កើត និងគ្រប់គ្រង “សាលាជំនាន់ថ្មី” ដែលដំណើរការអនុវត្តការរៀនសូត្របែបទំនើប ព្រមទាំងធ្វើជាគំរូដល់សាលារៀនដទៃទៀតផងដែរ។

កាលពីសប្តាហ៍មុន ស្ថានទូតអូស្រ្តាលីមានឱកាសបានទៅទស្សនាសាលាជំនាន់ថ្មីស្វាយព្រហួត ក្នុងខេត្តស្វាយរៀង។ សិក្សានុសិស្សបានចូលរួមក្នុងការរៀនសូត្រប្រកបដោយអន្តរកម្ម ប្រើប្រាស់បច្ចេកវិទ្យា ព្រមទាំងប្រាស្រ័យទាក់ទងជាមួយសហគមន៍របស់ពួកគេ នៅក្នុងផ្នែកមួយនៃតំបន់ជនបទនៃប្រទេសកម្ពុជា។ យើងក៏បានទៅមើលសាលាបឋមសិក្សាចារដែលនៅក្បែរនោះផងដែរ ដែលអង្គការមូលនិធិកុមារ កំពុងគាំទ្រជួយដល់អ្នកដែលរៀនមិនទាន់គេ រួមទាំងកុមារដែលមិនបានសិក្សាដោយសារតែមានការរាតត្បាតនៃជំងឺកូវីដ-១៩។

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា “អង្គការមូលនិធិកុមារ បានសាងសង់បណ្ណាល័យសាលារៀននានា និងបានបណ្តុះបណ្តាលគ្រូជាច្រើន នៅខេត្តស្វាយរៀង។ តាមរយៈការគាំទ្រការងារនេះ ប្រទេសអូស្រ្តាលីកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំដែលមានសម្រាប់កុមារកម្ពុជា” ៕