ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់

កំពង់ឆ្នាំង÷ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៣៦នាទី នៅចំណុចមុខផ្ទះឈ្មោះទ្រី ជួង លើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥២-៥៣ ភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាក LAND CRUISER GXR ពណ៌ស ពាក់ស្លាកលេខ ONG46 2-021 ដោយអ្នកបើកបរឈ្មោះ អឿន ដារ៉ាវិឆ័យ ភេទប្រុស អាយុ៣១ឆ្នាំ (ឃាត់ខ្លួន) ជនជាតិខ្មែររស់នៅភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ដើមហេតុគឺអ្នកបើកបររថយន្តខាងលើបានឈប់រថយន្តនៅស្ងៀម ហើយនៅពេលអ្នកបើករថយន្តបានដើរចូលរថយន្តវិញ រួចបិទទ្វារម្តងហើយតែបិទមិនជិត រួចទាញទ្វារបិទម្ដងទៀត ក៏ត្រូវម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-9916 អ្នកបើកបរឈ្មោះ ហ៊ីម ស៊ីតទី ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិចាម រស់នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ រឹទ្ធ ធីតា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ/ឃុំ ជាមួយអ្នកបើកបរ បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង បានបុកទ្វាររថយន្តម៉ាក LAND CRUISER GXR ក៏បានដួលនៅលើផ្លូវ ហើយត្រូវរថយន្តដែលមិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខ បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នា បានបុកអ្នកបើកបរម៉ូតូរងរបួស ហើយបន្តបើករថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានចាប់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់ ៕