អាជ្ញាធរខេត្តកំពង់ឆ្នាំង ចេញទាំងយប់តាមយកមនុស្ស ១០នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ទៅធ្វើចត្តាឡីស័ក បន្ទាប់ពីចាកចេញពីភ្នំពេញតាមឡានឈ្នួល មកកាន់លំនៅដ្ឋានក្នុងខេត្តវិញ

អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញដំណើរតាមសាឡាង ដើម្បីតាមយកមនុស្សចំនួន ១០នាក់ ពីស្រុកកំពង់លែង ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន ២នាក់ ទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីរាជធានីភ្នំពេញ ហើយដែលពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។ នេះបើតាមលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។

ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្នករណីនាំយកមនុស្សចំនួន ១០នាក់ គឺយកពួកគាត់ទៅធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុស ហើយក្រុមគ្រូពេទ្យក៏កំពុងធ្វើតេស្តពួកគាត់រកកូវីដ១៩ ផងដែរ។

លោក ប្រាក់ វុន បានបន្តថា «ក្រោយពីយកសំណាកបញ្ជូនទៅភ្នំពេញលទ្ធផលយើងរង់ចាំបន្តទៀត ប៉ុន្តែបច្ចុប្បន្ននេះ គឺមិនទាន់បញ្ជាក់បានថាគាត់វិជ្ជមាន ឬអវិជ្ជមានកូវីដ-១៩ នោះទេ ដោយគ្រាន់តែគាត់មានពាក់ព័ន្ធ នឹងទីតាំងខាងលើតែប៉ុណ្ណោះ»៕

ប្រភព ព័ត៌មាន÷ Fresh News