ឥទ្ធិពលគ្រឿងញៀន! ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីយកកាំបិតកាប់ក្បាលឪពុកខ្លួនឯង

ខេត្តកណ្ដាល៖ នគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួនជនសង្ស័យមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ក្រោយពីយកកាំបិតផ្គាក់កាប់ក្បាលឪពុករបស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក ម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កើត) ។ ចំណែកជនសង្ស័យឈ្មោះ ម៉ាប់ ប៊ុនលី ហៅ ប៊ឹប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ (ត្រូវជាកូនបង្កើត) ។

វត្ថុតាងចាប់យករួមមាន ៖ កាំបិត០១ ផ្លែដែក ដងឬស្សី មានប្រវែង ៣៦ស.ម ។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង១០និង៣០នាទី ជនសង្ស័យ(ត្រូវជាកូន)បានងើបពីដេក ហើយចុះមកពីលើផ្ទះដោយកាន់កន្ថោរទឹកនោម ខណៈឃើញម្ដាយកំពុងអង្គុយ ក៏យកកន្ថោរទឹកនោមចាក់ស្រោចលើម្ដាយ ភ្លាមនោះជនរងគ្រោះជាឪពុក ក៏បានទះកំផ្លៀងជនសង្ស័យមួយដៃ រួចហើយជនសង្ស័យបានរត់ទៅយកកាំបិត កាប់ទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងស្ដាំ និងដាល់មួយដៃទៀតចំថ្គាម បណ្ដាលឲ្យរងរបួស បន្ទាប់មកជនសង្ស័យបានរត់គេចពីកន្លែងកើតហេតុ ។ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅដល់កន្លែងកើតហេតុ. ហើយធ្វើការស្រាវជ្រាវ បាននាំខ្លួនជនសង្ស័យ និងចាប់យក វត្ថុតាងយកមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបាននគរបាលជំនាញបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា កន្លងមក ជនសង្ស័យធ្លាប់ត្រូវបានក្រុមគ្រួសារ យកទៅដាក់នៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន DTA រាជធានីភ្នំពេញ រយៈពេល១ឆ្នាំ និងបានធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ក្នុងករណីហិង្សាក្នុងគ្រួសារ ម្តងរួចមកហើយ ៕