ជនបរទេសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងកាន់កាបអាវុធខុសច្បាប់

រាជធានីភ្នំពេញ÷ ជនជាតិបារាំងដែលសមត្ថកិច្ចធ្វេីការចាប់ខ្លួននៅខណ្ឌជ្រោយចង្វារ​ លេីករណីរស់នៅដោយខុសច្បាប់​ ប្រេីប្រាស់សារធាតុញៀន​ និងប្រេីប្រាស់អាវុធខុសច្បាប់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ និងស្នេីសុំគោលការណ៍ថ្នាក់ដឹកនាំដេីម្បីបណ្តេញចេញពីប្រទេសកម្ពុជា​ ។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង៥០នាទី ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និងលោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយកម្លាំងមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនជាតិបារាំង ០១នាក់ ឈ្មោះ BAUDRY SEBASTIEN ភេទប្រុស អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 16AR87569 នៅចំណុចក្នុងបុរីសុភមង្គល ផ្ទះជួលលេខH12B ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្ចារ ពីបទ ស្នាក់នៅខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រក្សាទុកអាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ (សម្ភារៈដកហូត៖ ផ្លែព្រួញដែក កាំបិត កន្រ្តៃ ញញួរ កាំភ្លើងវែង-ខ្លីជ័រ និងកញ្ជាក្រៀម ០៣កញ្ចប់តូច)។

ឆ្លងតាមលទ្ធផលពិនិត្យឃើញ ជនបរទេសរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៤លើក ចុងក្រោយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ ក៏បន្ដការស្នាក់នៅដោយខុសច្បាប់រហូតមកដល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះបានបញ្ជូនទៅពិនិត្យរកមេរោគឆ្លងកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន។​ ជនបរទេសរូបនេះអាចមានបញ្ហាដោយសារការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទើបបណ្តាលឱ្យធ្វើការបំភ្លេចបំផ្លាញទ្រព្យអ្នកដ៏ទៃ មិនបានបំពេញកាតព្វកិច្ចបន្តទិដ្ឋាការស្នាក់នៅ និងមិនមានការសហការល្អជាមួយសមត្ថកិច្ច។

រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី ដោយមានការអនុញ្ញាតពី ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានបញ្ជូនជនបរទេសខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ៕