ថ្ងៃនេះកូរ៉េខាងត្បូងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃសុក្រនេះ ប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន បានអញ្ជើញជាអធិបតីផ្ទាល់ពិនិត្យមើលកម្មវិធីចាក់វ៉ាក់សំាងកូវីដ-១៩ ដំបូងបង្អស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺរយៈពេលប្រហែលមួយឆ្នាំជាងបន្តិច ចាប់តាំងពីកូរ៉េខាងត្បូងបានរងគ្រោះដោយសារជំងឺរាតត្បាតសាកលកូវីដ-១៩ តាំងពីឆ្នាំមុនមក រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

នៅក្នុងថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងនេះ បុគ្គលិកសុខាភិបាល អ្នកថែទាំអ្នកជំងឺ និងអ្នកជំងឺដែលមានអាយុក្រោយ៦៥ឆ្នាំ ប្រមាណជាង៥០០០នាក់ ទូទាំងប្រទេសនឹងចាប់ផ្តើមទទួលនូវវ៉ាក់សាំងដូសដំបូងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅវេលាម៉ោង៩ ព្រឹក (ម៉ោងក្នុងប្រទេសកូរ៉េ) ជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ដែលត្រូវបានទទួលសិទ្ធិផលិតក្នុងស្រុកដោយក្រុមហ៊ុនវេជ្ជសាស្រ្តដ៏ធំ SK Bioscience Co. និងត្រូវបានដឹកចេញពីក្រុងអានដុង ប្រទេសកូរ៉េខាងត្បូង ចែកចាយតាមតំបន់នានាទូទាំងប្រទេសកាលពីថ្ងៃពុធកន្លងទៅ។

ក្នុងឱកាសនៃកម្មវិធីចាក់វ៉ាក់សាំងជាប្រវត្តិសាស្រ្តនេះ លោកប្រធានាធិបតី មូន ជេអ៊ីន បានចុះទៅពិនិត្យផ្ទាល់នៅក្នុងមណ្ឌលសុខភាពមួយកន្លែងជាកន្លែងផ្តល់វ៉ាក់សាំងនៅក្នុងទីក្រុងសេអ៊ូល សង្កាត់ម៉ាផូ (Mapo Ward) និងបានជួបសំណេះសំណាលជាមួយនឹងអ្នកទទួលវ៉ាក់សាំងទីមួយដំបូងគេផងដែរ។ អ្នកទទួលវ៉ាក់សាំងកូវីដដំបូងគេ ក្នុងប្រទេសកូរ៉េ ត្រូវបានគេស្គាល់ថា គឺប្រធានមន្ទីរពេទ្យកុមារមួយក្នុងទីក្រុងសេអ៊ូល ឈ្មោះថា Kim Yoon-tae។

ក្នុងនោះដែរ លោកប្រធានាធិបតី ក៏បានទទួលការរាយការណ៍បន្ថែមអំពីគម្រោងផែនការនៃកម្មវិធីចាក់វ៉ាក់សាំងនេះ ពីប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ ដែលជាអជ្ញាធរទទួលបន្ទុកលើកិច្ចការដ៏មានសារៈសំខាន់នេះ។ ការចុះមកពិនិត្យ និងទស្សនកិច្ចផ្ទាល់របស់លោកប្រធានាធិបតីនេះ ជាការផ្តល់រូបភាពលើកទឹកចិត្ត និងជំនឿជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងត្បូងលើកម្មវិធីផ្តល់វ៉ាក់សាំងកូវីដនេះ ហើយក៏ដូចជារូបភាពមួយអំពាវនាវឱ្យប្រជាពលរដ្ឋកូរ៉េទាំងអស់ចូលរួមទទួលវ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីអាចឱ្យប្រទេសកូរ៉េខាងត្បូងជៀសផុតពីហានិភ័យនៃជំងឺកូវីដក្នុងពេលអនាគត៕