នគរបាល​ស្រុក​សង្កែ​ ឃាត់ខ្លួន​ យុវជន​ម្នាក់​ រំលោភ​លើ​ក្មេង​ស្រី​អនីតិជន​

បាត់ដំបង​៖ កម្លាំង​​ជំនាញ​នគរបាល​យុត្តិធម៌​ នៃ​អធិការ​នគរបាល​ស្រុក​សង្កែ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រំលោភ​លើ​ក្មេង​ស្រី​អនីតិជន​ តាម​ពាក្យបណ្តឹង​របស់​លោកយាយ​​ក្មេង​ស្រី​រង​គ្រោះ​ កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ នៅ​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ។​

​លោកយាយ​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ រឿ​ម​ ញ៉​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ រស់នៅ​ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ បាន​មក​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​លើ​ឈ្មោះ​ ជុន​ ជួន​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ខ្ជាយ​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ បាន​ចាប់រំលោភ​ ចៅស្រី​របស់​គាត់​ឈ្មោះ​ ស​ វល​ អាយុ​១៣​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០៨​និង​៣០​នាទី​ នៅ​ក្នុង​ចំការ​ក្រូច​ក្បែរ​ផ្ទះ​របស​គាត់​។​

​ក្រោយ​ពេល​ទទួល​កំណត់ហេតុ​បណ្តឹង​រួច​ កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​ បាន​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ជនសង្ស័យ​និង​ឃាត់ខ្លួន​ឈ្មោះ​ ជុន​ ជួន​ នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅផ្ទះ​ជនសង្ស័យ​។​

​ករណី​នេះ​ ជនសង្ស័យ​ត្រូវ​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព ព័ត៌មាន