ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងសមត្ថកិច្ចយើងថា គាត់បានឃើញជនជាតិចិនម្នាក់ ភេទប្រុស ជិះរថយន្ត​ ០១គ្រឿង​ ម៉ាក​ LEXUS RX300 ស្លាកលេខ:​ ភ្នំពេញ​ 2AZ-6349​ នៅចំណុចអូរត្រេះ២ ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុហេីយនៅក្នុងដៃជនជាតិចិននោះមានកាន់អាវុធខ្លី ០១ដើម បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ស្រាប់តែជនសង្ស័យបានជិះរថយន្តគេចខ្លួនទៅកន្លែងស្នាក់នៅរបស់វា​ដែលនៅផ្ទះសំណាក់មួយកន្លែង​ ស្ថិតនៅអូរត្រេះ២​ កម្លាំងជំនាញយេីងបានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង​ ១៣​និង​០០នាទី​ ទេីបឃាត់ខ្លួនបានជនសង្ស័យ បន្ទាប់មកកម្លាំងជំនាញយេីងបានបន្តការស្រាវជ្រាវរុករករហូតដល់វេលាម៉ោង​១៨​ ទេីបរកឃេីញអាវុធខ្លី ០១ដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់ៈ 180904053 និងគ្រាប់កាំភ្លើង ០៤គ្រាប់ ដែលជនសង្ស័យយកទៅលាក់ទុកក្នុងថូរផ្កាក្នុងបរិវេណផ្ទះសំណាក់ រីឯបង់កាំភ្លើង ជនសង្ស័យបានបោះចោលក្នុងទឹកព្រែក មុនពេលសមត្ថកិច្ចយើងឃាត់ខ្លួន ។

ជនសង្ស័យឈ្មោះ XIAO DI KUN ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ទិញ-លក់ឥវ៉ាន់មួយទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។វត្ថុតាងចាប់យកបាន៖

-អាវុធខ្លី ០១ ដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់ៈ 180904053

-គ្រាប់កាំភ្លើង ០៤គ្រាប់ ។

ចំពោះជនសង្ស័យខាងលើ យើងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕