ជប៉ុនផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់កម្ពុជា ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១០,៨ លានដុល្លារអាមេរិក

ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១.១៣២ លានយ៉េន (ប្រហែល ១០,៨ លានដុល្លារអាមេរិក) ដើម្បី​អនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១។​

​ហិរញ្ញប្បទានឥតសំណង​ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ពង្រឹងបន្ថែមទៀតនូវចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

​ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់​ «ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍»​ ឬហៅថាព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ភាគីទាំងពីរ នឹងធ្វើការចុះហត្ថលេខាលើលិខិតប្ដូរសារនេះ នៅទីកន្លែងរៀងៗខ្លួន៕