សហរដ្ឋអាមេរិកបើកការវាយប្រហារលើក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងទឹកដីប្រទេសស៊ីរី

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាយោធាប្រទេសខ្លួន បើកការវាយប្រហារតាមផ្លូវអាកាសនៅភាគខាងកើតប្រទេសស៊ីរី ទៅលើមូលដ្ឋានជាច្រើនកន្លែងរបស់ក្រុមសកម្មប្រយុទ្ធដែលមន្ទីរបញ្ចកោណនិយាយថា ជាក្រុមគាំទ្រដោយអ៊ីរ៉ង់ ខណៈប្រតិបត្តិការនេះគឺជាការឆ្លើយតបនឹងការវាយប្រហារដោយគ្រាប់រ៉ុក្តែតលើយោធាអាមេរិកនៅអ៊ីរ៉ាក់កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ដោយមានបទបញ្ជាពីលោកប្រធានាធិបតី ចូ បៃដិន យោធាអាមេរិកនៅល្ងាចថ្ងៃព្រហស្បតិ៍មុននេះបន្តិច បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ដែលត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ នៅឯភាគខាងកើតប្រទេសស៊ីរី ។ លោកបន្ថែមទៀតថា លោក ចូ បៃដិន នឹងបន្តធ្វើសកម្មភាពនានា ដើម្បីការពារយោធាអាមេរិក និងក្រុមកម្លាំងចម្រុះអន្តរជាតិ ៕