ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើកាំបិតចាក់បណ្តាលឲ្យរងរបួសធ្ងន់) រវាងជនជាតិចិន និងជនជាតិចិន 

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី នៅតាមដងផ្លូវក្បែររង្វង់មូលតោ២ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំប៉ិតចាក់ឲ្យរងរបួសធ្ងន់) រវាងជនជាតិចិន និងជនជាតិចិនមួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ១នាក់ ជាជនជាតិ ចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើកាំប៉ិតចុងស្រួច ចាក់ទៅលើជនរងគ្រោះជាជនជាតិចិន ភេទប្រុស បណ្តាលឲ្យរងរបួសធ្ងន់ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងដើរ តាមផ្លូវ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានឡើងជិះរថយន្ត តាក់ស៊ី ១គ្រឿង គេចខ្លួនបាត់ ភ្លាមៗនោះកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានឆែកកាំមេរ៉ាសុវត្តិភាពតាមដងផ្លូវ រហូតដល់វេលាម៉ោង២២:០០នាទី ទើបដឹងថាជនសង្ស័យបានជិះតាក់ស៊ីទៅសណ្ឋាគារមួយកន្លែងដែលស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយមានការចូលរួមសហការពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៤និងអ្នកគ្រប់គ្រងសណ្ឋាគារ កម្លាំងសមត្ថកិច្ចយើងបានធ្វើរដ្ឋបាលឆែកឆេរបន្ទប់ដែលជនសង្ស័យស្នាក់នៅ (បន្ទប់លេខ 8703) ក៍ឃាត់ខ្លួនបានជនសង្ស័យ និងរកឃើញគ្រឿងញៀនមួយចំនួន រីឯវត្ថុតាងកាំប៉ិតដែលជនសង្ស័យធ្វើសកម្មភាព ជនសង្ស័យបានយកទៅបោះ ចោលនៅក្នុងលូទឹកមុខសណ្ឋាគារ ហើយត្រូវបានកម្លាំងសមត្ថកិច្ចយើងដកហូតយកមករក្សាទុករួចរាល់ហើយ ។

ជនរងគ្រោះឈ្មោះ Liu Lei ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE3739172 ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរទេសចរណ៍ រងបួសធ្ងន់ កំពុងសម្រាកព្យា បាលនៅគ្លីនចិនមួយកន្លែង មានទីតាំងស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ Zhang Xian Jin ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ1432430 ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖

-កាំបិតស្នៀត១ដើម (ឧបករណ៍ធ្វើសកម្មភាព)

-ថ្នាំW.Y សង្ស័យសារធាតុញៀន ចំនួន១៨គ្រាប់

-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ៩កញ្ចប់

-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង

-ថង់សម្រាប់វេចខ្ចប់មួយចំនួន។

ជនសង្ស័យបានឆ្លើយថា ករណីនេះបានកើតឡើង ដោយសារ ជនរងគ្រោះបានមានទំនាក់ទំនងជាមួយសង្សារបស់ខ្លួន ហើយរូបគេខឹងទើបនៅថ្ងៃកើតហេតុ យកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕