ឃ្លាំងស្តុកក្រណាត់មួយកន្លែង នៅកំពង់ចាម ត្រូវអគ្គីភ័យលេបត្របាក់អស់

ខេត្ត​កំពង់ចាម​៖ ថ្ងៃសៅរ៍ ១ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅម៉ោង​ ១២:៤០​ នាទី​ សមត្ថកិច្ចទទួលបានព័ត៌មានថា មានអគ្គីភ័យឆេះកំពុងឆាបឆេះឃ្លាំងស្តុកក្រណាត់ មានទំហំប្រហែល ៣០X៤០​ ម៉ែត្រ កម្ពស់ ០៦​ ម៉ែត្រ ។​ ម្ចាស់ឃ្លាំងនិងសម្ភារៈឈ្មោះ រ៉ា វុធ​ ភេទ​ ប្រុស អាយុ​ ៤២​ ឆ្នាំ (រស់នៅរាជធានីភ្នំពេញ) ដែលមានទីតាំងទល់មុខរោងចក្រក្ដារបន្ទះ ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងតាមប្រភពព័ត៌មានបានរាយការណ៍មកថា ក្នុងឃ្លាំងអាចមានសាច់ក្រណាត់ចំនួនប្រហែល ៤០០តោន និងមានផ្ទះប្រជាពលរដ្ឋជាច្រើននៅជិតផងដែរ ។​ ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ស្នងការ​បានបញ្ជា ចេញរថយន្តពន្លត់អគ្គិភ័យចំនួន​ ១១​ គ្រឿង មាន រថយន្តពន្លត់អគ្គិភ័យខេត្ត ០៣​ គ្រឿង​ កំពង់សៀម ០១​ គ្រឿង​ ព្រៃឈរ ០២​ គ្រឿង​ បាធាយ ០១​ គ្រឿង​ ជើងព្រៃ ០១​ គ្រឿង​ កងមាស ០១​ គ្រឿង ស្ទឹងត្រង់ ០១​ គ្រឿង និងចំការលើ ០១​ គ្រឿង​ ចេញអន្តរាគមន៍ជាបន្ទាន់ ។

​ កិច្ចប្រតិបត្តិការ ចំណាយអស់រយៈពេលជាង ០៦​ ម៉ោង ទើបសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បាន ដោយគិតចាប់ពីម៉ោងកើតហេតុ រហូតដល់ម៉ោង ១៩ : ២០​ នាទីយប់ ទើបអគ្គិភ័យរលត់បានទាំងស្រុង និងពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះឡើយ​ ។

​ កិច្ចប្រតិបត្តិការនេះ ត្រូវបានដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ លោកឧត្តមសេនីយ៍ទោ ឯម កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម​ កម្លាំងជំនាញផែនបង្ការ និងពន្លត់អគ្គិភ័យ ដែលដឹកនាំដោយស្នងការរងទទួលផែន​ កម្លាំងអន្តរាគមន៍ខេត្ត ដឹកនាំដោយស្នងការរងទទួលបន្ទុក​ កម្លាំងប្រចាំបញ្ជាដឹកនាំស្នងការរងដឹកនាំវេនប្រចាំបញ្ជា កម្លាំងចរាចរណ៍ខេត្ត-ស្រុក និងកម្លាំងអគ្គិភ័យ ដែលអមរថយន្តអគ្គិភ័យពីបណ្ដាស្រុកទាំង៧​ កម្លាំងកងរាជអាវុធហត្ថ​ កម្លាំងសឹករងស្រុក កម្លាំងប៉ុស្ដិ កម្លាំងប្រជាការពារសរុបទាំងអស់ចំនួនប្រមាណ ១៥០​ នាក់​ ដោយប្រើប្រាស់អស់ទឹកចំនួន ៩៩​ ស៊ឺទែន ស្មើនឹង ៤៩៥ម៉ែត្រគូប​ ។

ទំហំការខូចខាត : ដែលបណ្ដាលមកពីអគ្គិភ័យនេះមាន : ឡេវ៉ាល់ទ័រ ០១​ គ្រឿង​ ឃ្លាំងមានទំហំ​ ៣០X៤០​ ម៉ែត្រ កម្ពស់ ០៦​ ម៉ែត្រ និងកំទេចសាច់ក្រណាត់ទំងន់ ៤០០​ តោន គិតជាទឹកប្រាក់ ជាង​ ២០​ ម៉ឺនដុល្លា និងសម្ភារមួយចំនួនទៀត ។​ មូលហេតុបណ្ដាលមកពីភ្លើងព្រៃឆេះរាលដាល ។

​ បន្ទាប់ពីកិច្ចប្រតិបត្តិការត្រូវបានបញ្ចប់ លោកឧត្តមសេនីយ៍ស្នងការបានឧបត្ថម្ភ ដល់កងកម្លាំងទាំងអស់ មានដូចជា ក្នុងមួយឡានទទួលបាន ប្រេង​ ៤០​ លីត្រ​ ភេសជ្ជៈ ០២​ កេស​ ថវិកា ៣​០​ ម៉ឺន ព្រមទាំងអាហារសម្រន់ រួមទាំងឡាន និងកម្លាំងអន្តរាគមន៍ផងដែរ គិតជាថវិកាសរុបអស់ចំនួន ០៩​ លានរៀល ៕