តើលោកអ្នកធ្លាប់ដឹងពីជំងឺគ្រុនពោះវៀន ឬទេ?

ជំងឺគ្រុនពោះវៀនជាជំងឺឆ្លង ដែលអាចគំរាមគំហែងដល់អាយុជីវិតរបស់អ្នកជំងឺបាន ប្រសិនបើគាត់មិនបានទទួលការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។ ជំងឺនេះបង្កដោយមេរោគ បាក់តេរីឈ្មោះ Salmonella enterica (typhi , Paratyphi) ។

ក) ការចំលងរោគ៖

ជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការបរិភោគទឹក ឬអាហារដែលមានផ្ទុកនូវពពួកមេរោគ Salmonella enterica (typhi , Paratyphi) ។

ខ) រោគសញ្ញា៖

អ្នកជំងឺដែលកើតជំងឺនេះ មានរោគសញ្ញាដូចខាងក្រោមៈ

– ក្តៅខ្លួន ដែលសីតុណ្ហភាពអាចដល់ 39 – 40 អង្សារ

– ភាពមិនស៊ីចង្វាក់គ្នារវាងកំដៅ និងជីពចរ

– អស់កំលាំង

– ឈឺក្បាលខ្លាំង

– ចង្អោរ

– ពិបាកបន្ទោរបង់ រឺរាគរូស

– មានករណីតិចតួចដែលមានសញ្ញាកន្ទួលក្រហមនៅលើស្បែក ជាពិសេសស្បែកពោះ។

គ) ការធ្វើរោគវិនិច្ឆ័យ

– ការសាកសួរ និងការពិនិត្យអ្នកជំងឺឲ្យបានច្បាស់លាស់ ជាជំហានដែលសំខាន់។

– ការពិនិត្យឈាម និងការបណ្តុះមេរោគដើម្បីទទួលបាននៅប្រភេទមេរោគ ព្រមទាំងថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។

– ការពិនិត្យលាមក ក៏មានសារៈប្រយោជន៍សំរាប់ការស្វែងរកប្រភេទមេរោគដែរ តែយើងសង្កេតឃើញថា ការដុះរបស់មេរោគមានកំរិតទាប។

ឃ) វិធីសាស្ត្រនៃការព្យាបាល៖

– អ្នកជំងឺចាំបាច់ត្រូវការការព្យាបាលថ្នាំអង់ទីប៊្យូទីក (Antibiotic) សំរាប់សំលាប់មេរោគ Salmonella

– រយៈពេលនៃការព្យាបាល អាស្រ័យទៅលើស្ថានភាពរបស់អ្នកជំងឺ (មិនសូវធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរ)

– ការស្វែងរកប្រភេទមេរោគ ពិតជាមានសារៈសំខាន់សំរាប់ការព្យាបាល។

ង) វិធីបង្ការ៖

– បង្កើនទំលាប់ក្នុងការធ្វើអនាម័យ ជាពិសេសលាងដៃ នឹងសាប៊ូក្រោយពេលបន្ទោរបង់រួច និងមុនពេលទទួលទានអាហារ។

– ត្រូវទទួលទានទឹកស្អាត និងបរិភោគចំណីអាហារដែលឆ្អិនល្អ។

– វ៉ាក់សាំងការពារមេរោគ Salmonella enterica (typhi) មានពីរប្រភេទ៖ ប្រភេទលេប និងប្រភេទចាក់សាច់ដុំ។

គេសង្កេតឃើញថាប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទនេះ អាចការពារបានត្រឹមតែ ៥០% ទៅ ៦០% តែប៉ុណ្ណោះ ដូច្នេះហើយការធ្វើអនាម័យដោយលាងដៃនឹងសាប៊ូ ព្រមទាំងទទួលទានទឹកស្អាត ហើយអាហារដែលចម្អិនបានឆ្អិនល្អ នៅតែជាការការពារដ៏ចម្បង។

“ប្រសិនលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីពិគ្រោះនិងធ្វើរោគវិនិច្ឆ័យ ដែលឈានទៅរកការព្យាបាលត្រឹមត្រូវ និងប្រសិទ្ធភាព”៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត