ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដលើស ២៥ម៉ឺននាក់


ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅប្រទេសប្រេស៊ីល បានកើនលើស២៥០,០០០នាក់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៥ខែកុម្ភៈ ,មួយឆ្នាំបន្ទាប់ពីករណីទីមួយត្រូវបានបញ្ជាក់នៅក្នុងប្រទេស ដែលកំពុងប្រឈមនឹងកង្វះវ៉ាក់សាំងនិងរលកទីពីរដ៏កាចសាហាវមួយនេះ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺកូវីដ១៩បានសម្លាប់មនុស្សចំនួន២៥១,៤៩៨នាក់ នៅក្នុងប្រទេសប្រេស៊ីល ដែលជាចំនួនខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលកើនលើសកន្លះលាននាក់កាលពីថ្ងៃចន្ទ។

យោងតាមតួលេខរបស់ក្រសួងបានឲ្យដឹងថា នេះគឺជាសប្តាហ៍មានអ្នកស្លាប់ដោយសារជំងឺរាតត្បាតច្រើនបំផុតនៅក្នុងប្រទេសប្រេស៊ីល ដោយក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ ចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃគឺ១,៤៤៩នាក់៕