ពលករ នៅតែ​បន្ត​ឆ្លងដែន ចេញពី​ប្រទេស​ថៃ កើនឡើង​ដល់​ជាង ៩.០០០ នាក់

បាត់ដំបង៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ពលករ​ខ្មែរ នៅតែ​បន្ត​ឆ្លងដែន ពី​ប្រទេស​ថៃ ដោយសារ​ការ ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ ដោយ​ពួកគេ បាន​ឆ្លងកាត់​តាម​តំបន់​ព្រំដែន ខេត្តបាត់ដំបង កើនឡើង​ដល់​ជាង ៩.០០០ នាក់​។​

​អាជ្ញាធរខេត្ត​បាត់ដំបង បានបង្ហាញ​ឲ្យ​ដឹង នៅ​ចុង​សប្តាហ៍​កន្លងមកនេះ​ថាៈ គិត​ត្រឹម​ថ្ងៃទី ២៦ ខែកុម្ភ​: ឆ្នាំ​២០២១ នេះ តាម​តំបន់​ព្រំដែន​នានា ក្នុង​ខេត្តបាត់ដំបង បានទទួល​ពលករ​ខ្មែរ សរុប​ចំនួន ៩.៦១៦ នាក់ ក្នុងនោះ​ពលករ ប្រុស ស្រី ក្មេង ចាស់ ដែល​បាន​ឆ្លងដែន ពី​ប្រទេស​ថៃ ចូលមក​ស្រុកកំណើត នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បី​ជួបជុំ​សាច់ញាតិ ក្រុមគ្រួសារ ក្នុងឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ សរុប​ចំនួន ១៨៤ នាក់ ដោយឡែក ពលករ​ដែល​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅស្ថាន​រៀងៗ វិញ នៅ​ថ្ងៃ​ដដែល មាន​ចំនួន ៣២២ នាក់​។​

​មន្ត្រី​រដ្ឋបាលខេត្ត បាន​បន្ថែមថាៈ ក្រៅពី​ការទទួល​ពលករ ដែល​ឆ្លងដែន តាម​ច្រក​ត្រង់ អាជ្ញាធរ ក៏​កំពុង​ជំរុញ​ការបង្កើន​កម្លាំង ដាក់ពង្រាយ ការពារ ត្រួតពិនិត្យ ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់ នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ផងដែរ នៅក្នុង​ភូមិសាស្ត្រ របស់ខ្លួន​។ ក្នុងករណី​រកឃើញ​ពលករ ដែល​ចេញ ឬ​ចូល​ខុសច្បាប់​និង​ត្រូវ​នាំខ្លួន​យក ទៅកាន់ មណ្ឌល​ច​ត្តា​ឡី​ស័ក ចំណែកឯ​មេខ្យល់ និង​ត្រូវ​នាំខ្លួន ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រួចហើយ និង​បញ្ជូនទៅ​ផ្ដន្ទាទោស តាមច្បាប់ ដោយ​មិន​លើកលែង​ឡើយ​។​

​លោក ងួន រតនៈ ប្រធាន​គណៈបញ្ជាការ ឯកភាពរ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថាៈ ភូមិសាស្ត្រ​ដែល​មេខ្យល់ តែង​នាំ​ពលករ​ចេញ ឆ្លងដែន​ដោយ​ខុសច្បាប់ ទៅ​ប្រទេស​ថៃ និង​ត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កំណើត​វិញ​នោះ​មាន​នៅតាម​បណ្តា​ច្រក របៀង​នានា ជាច្រើន ដូចជា​: តំបន់​ព្រំដែន​ស្រុក​កំរៀង​, ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ហើយ​កន្លងមក សមត្ថកិច្ច បាន​បង្ក្រាប​ឃាត់ខ្លួន មេខ្យល់​បានជា​បន្តបន្ទាប់​បញ្ជូន​ទៅកាន់ តុលាការ សរុប​ចំនួន ៣៩ នាក់ លើ​សំណុំរឿង ២១ ករណី​រួចមកហើយ​៕