លោក ប្រាយុទ្ធ ចាន់អូចា អះអាងថា ថៃនឹងមិនចូលរួមជាមួយឥណ្ឌូនេស៊ី ដើម្បីធ្វើជាអ្នកសម្រុះសម្រួលដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ាឡើយ

ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈនៅក្នុងប្រទេសជិតខាងនេះ មិនមានន័យថា “យល់ព្រមទទួលស្គាល់” នោះទេ ។

លោក ប្រាយុទ្ធ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកគ្រាន់តែស្តាប់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក វ៉ុនណា មឿង ល្វីន ដែលត្រូវបានតែងតាំងដោយយោធាមីយ៉ាន់ម៉ា និយាយអំពី ”ការវិវត្តន៍យោបាយ” និងស្ថានការណ៍នៅមីយ៉ាន់ម៉ាប៉ុណ្ណោះ ។ ជាមួយគ្នានេះ លោក ប្រាយុទ្ធ ក៏បានបដិសេធផងដែរថា ថៃមិនបានចូលរួមជាមួយឥណ្ឌូនេស៊ី ក្នុងការក្លាយជាអ្នកសម្រុះសម្រួល ដើម្បីដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ានោះទេ និងថា បញ្ហានយោបាយ គឺជាបញ្ហារបស់ប្រទេសពួកគេ… ខ្ញុំចង់ជំរុញពួកគេឱ្យនាំប្រទេសឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យឱ្យបានឆាប់កាន់តែល្អ ៕