ឃាត់បុរសម្នាក់ ករណីសងសឹកគំនុំចាស់

ឃុំព្រែកដំបង÷ កើតហេតុថ្ងៃទី ២៨.០២.២០២១ វេលាម៉ោង ០៤:៣០នាទី ទៀបភ្លឺ ។ ចំណុចក្រោយផ្ទះជនរងគ្រោះ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ព្រៃ ធឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរមុខ របរកសិករ ។ មានទីលំនៅសព្វថ្ងៃភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ រងរបួស ចំនួន០១កន្លែង ចំកែងដៃខាងស្ដាំដេរចំនួន០៧ថ្នេរ ។

ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ អុល សុផាត ហៅត្រល់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ មានទីលំនៅសព្វថ្ងៃភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ វត្ថុតាងចាប់យក÷

១.កាំបិតប៉័ងតោចំនួន០១ ដងធ្វើអំពីឈើ ប្រវែង១៥សម ផ្លែប្រវែង ២១.៣សម ទទឹងផ្លែ៧.៥សម។

សភាពនៃរឿងហេតុ÷  កន្លងមកជនសង្ស័យធ្លាប់មានគំនុំជាមួយជនរងគ្រោះ ដោយសារជេរឪពុក ម្តាយរបស់ខ្លួន ហើយពេលនោះជនសង្ស័យ ក៏បានយកដុំដី និងគល់ឫស្សីគុបទៅលើជនរងគ្រោះ ប៉ុន្តែមិនមានរបួសស្នាមទេ។ លុះដល់ថ្ងៃទី ២៨.០២.២០២១ វេលាម៉ោង ០៤:៣០នាទី ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះ គោលបំណងទៅការកូន នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ពេលជិះមកដល់ ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានដើរចេញពីគុម្ពចេកដោយកាន់កាំបិតនៅនឹងដៃ ស្ទាក់កាប់ជនរងគ្រោះសំដៅចំក្បាល ប៉ុន្តែ ជនរងគ្រោះបានយកដៃស្តាំរង បណ្តាលឱ្យត្រូវចំកែងដៃខាងស្តាំ០១កាំបិត ពេលនោះជនរងគ្រោះក៏បានផ្តួលម៉ូតូរត់ ស្រែកអោយគេជួយ ហើយជនសង្ស័យ ក៏បានដេញកាប់ជនរងគ្រោះថែមទៀត ក្នុងពេលនោះក្មួយរបស់ជនរងគ្រោះឈ្មោះ មឿន សុខមាន ឃើញក៏រត់មកជួយ ជនសង្ស័យឃើញដូច្នេះក៏រត់គេចទៅផ្ទះរបស់ខ្លួន។បន្ទាប់មកក្រុមគ្រួសាររបស់ជនរងគ្រោះដឹកជនរងគ្រោះទៅពេទ្យឯកជន២៤ម៉ោង នៅឃុំព្រែកអញ្ចាញ ដើម្បីព្យាបាលរបួសនិងដេរចំនួន០៧ថ្នេរ។ លុះដល់វេលាម៉ោង ០៧:០០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។ ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងជំនាញ និងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា÷ខ្លួនពិតជាមានគំនុំ និងបានយកកាំបិតទៅពួនស្ទាក់ចាំកាប់ជនរងគ្រោះ ឈ្មោះ ព្រៃ ធឿន ពិតមែន។ ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕