ឥទ្ធិពលស្រា! បុរសម្នាក់បានដុតផ្ទះខ្លួនឯង ក្រោយពីសុំលុយម៉ែមិនបាន

ស្វាយរៀង÷ កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩និង១០នាទី នៅចំណុចភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានករណីធ្វើអោយខូចខាតដោយចេតនា(ដុតផ្ទះ) មួយកើតឡើង បង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ឺង រាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាកូនបង្កើត) បានធ្វើសកម្មភាពបង្ហូតសាំងម៉ូតូរួចចាក់និងដុតបណ្តាលឲ្យឆេះផ្ទះចំនួន០២ខ្នងមានទំហំបណ្តោយ ០៥ម៉ែត្រនិង ទទឹង០៤ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹកត្នោត របស់ម្ចាស់ផ្ទះឈ្មោះ គឹម រិន ភេទស្រី អាយុ ៧៣ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុខាងលើ(ត្រូវជាម្ដាយបង្កើត) បណ្ដាលឲ្យឆេះគ្មានសល់ រួមទាំងម៉ូតូមួយគ្រឿងផងដែរ។

មូលហេតុ ជនសង្ស័យសុំលុយពីម៉ែ និងពីបងប្អូនយកទៅទិញស្រាបានផឹកមិនបាន ក៏បង្ហូតសាំងម៉ូតូ រួចចាក់ដុតផ្ទះតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងតាមច្បាប់៕