រំលោភសេចក្តីទុកចិត្តយកប្រាក់ចំនួន​៨៣,​៧០០,០០០ រៀលត្រូវឃាត់ខ្លួនបញ្ជូនទៅតុលា​ការ

ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ អនុវត្តតាមបទ​បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសា​លាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម​ ពុទ្ធីឡា ស្នងការរងផែន ការងារព្រហ្មទ័ណ្ឌ បានចាត់តាំងឱ្យលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយ កម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង័្សយឈ្មោះ ម៉ៅ សារ៉ូត ភេទប្រុស អាយុ៣២ ឆ្នាំ មានទីលំនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតវត្ថុតាងយកមកស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ជនសង័្សយខាងលើបានធ្វើសកម្មភាព រំ​លោភសេចក្តីទុកចិត្តលើឈ្មោះ អឹម កៅទី ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ ឃុំអូរកន្ធរ ស្រុកស្ទឹង សែន ខេត្តកំពង់ធំ ដោយយកប្រាក់អស់ចំនួន ៨៣,៧០០,០០០ រៀល(ប៉ែត​សិបបីលាននិងចិតសិបម៉ឺន) ក្នុងពេលដែលជនរងគ្រោះទុកចិត្តនិងបានផ្ញើប្រាក់ពីមូលដ្ឋានស្រុកថ្មគោល ខេត្តបាត់ដំបង តាមជនសង័្សយខាងលើ តែជនសង័្សយបានយកប្រាក់នោះតែម្តង។

នៅក្រោយពេលដឹងថាជនសង័្សយខាងលើបាន​រំលោភលើសេចក្តីទុកចិត្តខ្លួនរួចមកជនរង គ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរ​បាលខេត្តបាត់ដំបង ។ តាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តបាត់ដំបង សមត្ថកិច្ចឈានដល់ការកំណត់មុខសញ្ញានិងសហការណ៍នាំខ្លួនជនសង័្សយ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន៖
-ប្រាក់រៀលចំនួន ៧៥,០០០,០០០រៀល(ចិតសិបប្រាំលានរៀល) ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ។

នៅពេលនេះសមត្ថកិច្ចនគរបាលបានបញ្ជូនជន​សង័្សយខាងលើទៅកាន់អយ្យការអមសាលា​ដំ​បូងខេត្តបាត់ដំបង ចាត់ការតាមផ្លូចច្បាប់រួច​ហើយ៕